ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាបណ្តាលឱ្យរបួសធ្ងន់៣នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃ ពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣១៧ក្នុងភូមិអង្រ្គង ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា អ្នកជិះម៉ូតូបង្កហេតុមានឈ្មោះឈៀង រស្មី ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃតាធឹក ឃុំស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ១IQ-៦៨១៧រងការខូចខាតទាំងស្រុង។

   ចំណែកភាគីរងគ្រោះមានឈ្មោះរឿន សុវណ្ណកក្ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ឥន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិគ្រញូង ឃុំរមាំងថ្កោលស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀង១G-៩៤៥៥។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ១IQ-៦៨១៧ដោយធ្វើដំណើរពីជើងទៅត្បូងលើផ្លូវជាតិលេខ ៣១៧ហើយបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀង១G-៩៤៥៥ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយកើតហេតុអ្នករងរបួសធ្ងន់ទាំងបីនាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖