អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសរសើរដល់ប្រធានាធិបតីពូទីនថា ជា«មនុស្សពូកែ» ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែជាមួយគ្នានេះលោកត្រាំបានបញ្ជាក់ថា ប្រសិនបើគាត់កាន់តំណែងប្រធានាធិបតីអាមេរិកវិញ ប្រធានាធិបតីរុស្ស៊ីនឹងមិនធ្វើដូចដែលគាត់បានធ្វើនោះទេ។
នៅថ្ងៃទី២២ខែកុម្ភៈ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចាត់ទុកថា ការណ៍ដែលរុស្ស៊ីទទួលស្គាល់តំបន់ស្វ័យភាពទាំងពីរនៅភាគខាងកើតអុយក្រែនជាតំបន់ឯករាជ្យ គឺជាសកម្មភាពរបស់«មនុស្សពូកែ» មុនពេលបញ្ជូនទាហានទៅរក្សាសន្តិភាពនៅទីនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “The Clay Travis and Buck Sexton Show” លោកត្រាំ បាននិយាយថា ប្រធានាធិបតីពូទីនទទួលស្គាល់សាធារណរដ្ឋ Donetsk និង Luhansk នាថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២ គឺជាការសម្រេចដ៏ឆ្លាតវៃបំផុត។ សារព័ត៌មាន The Hill បានដកស្រង់សម្តីលោកត្រាំដែលបានបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះថា «កាលពីម្សិលមិញខ្ញុំមើលទូរទស្សន៍ ហើយខ្ញុំនិយាយថា នេះជាមនុស្សដ៏ឆ្លាតវៃ ដែលប្រកាសឯករាជ្យភូមិសាស្ត្រដ៏ធំនៅក្នុងទឹកដីអ៊ុយក្រែន នោះជារឿងដ៏អស្ចារ្យ។
លោកត្រាំបញ្ជាក់ទៀតថា «សកម្មភាពនោះពិតជាអស្ចារ្យ លោកពូទីនត្រៀមចូលទៅកាន់អ៊ុយក្រែន ហើយក៏បានបញ្ជូនទាហានចូលក្នុងឋានៈជាអ្នករក្សាសន្តិភាព»។ អតីតប្រធានាធិបតីអាមេរិកបានលើកឡើងថា «ទាំងនោះជាកម្លាំងទាហានរក្សាសន្តិភាពខ្លាំងបំផុត។ យើងអាចប្រើប្រាស់រឿងបែបនេះដែរ នៅព្រំដែនភាគខាងត្បូងអាមេរិក ជាប់ប្រទេសម៉ិចស៊ីកូ»។
លោកត្រាំបានបញ្ជាក់ទៀតថា ប្រសិនបើការបោះឆ្នោតឆ្នាំ២០២០ មិនត្រូវបានគេ«លួច»នោះ លោកនឹងបន្តដឹកនាំអាមេរិក ហើយលោកពូទីន នឹងមិនហានធ្វើអ្វីដូចដែលបានធ្វើនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ៕ ដោយ៖ សាធី
រូបថត៖GETTY