ភ្នំពេញ នាពេលបច្ចុប្បន្ននេះយើងពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋបានយកចិត្ដទុកដាក់ក្នុងការបែងចែកសំរាមមានលក្ខណៈល្អប្រសើរជាងមុន ពិសេសតាំងពីធ្វើការផ្លាស់ប្ដូរក្រុមហ៊ុនដឹកជញ្ជូនសំរាមឱ្យក្រុមហ៊ុនថ្មីវិនិយោគឃើញថា មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន៣មានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋផងដែរនោះមក។
នេះបើតាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទទួលធុងសំរាមពីសប្បុរសជននៅលើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖ ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការទុកដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វាដែលធ្វើឱ្យរាជធានីភ្នំពេញស្អាតបន្ថែមពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត។ លោកបន្តថា នាពេលបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញមានសោភណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋក៏បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំផងដែរ ដែលធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ធ្វើឲ្យប្រជាពលរដ្ឋមានភាពរីករាយសប្បាយចិត្ត។
ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជនចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀតលើការទុកដាក់សំរាម ដើម្បីឱ្យរាជធានីភ្នំពេញកាន់តែមានសោភណភាព មានបរិស្ថានល្អប្រសើរជាងមុនបន្ថែមទៀត។
សូមជម្រាបថា ក្នុងកម្មវិធីនោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន៥០ឈុត ត្រូវនឹង ១៥០ធុងជូនរដ្ឋបាលរាជធានីដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕
ដោយ ៖ សំរិត