ភ្នំពេញ ៖ រថយន្តគ្មានពន្ធប្រមាណ ៥ពាន់គ្រឿង ដែលមិនព្រមមកបង់ពន្ធ តាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ,សម្តេចតេជោ ហ៊ុន សែន ព្រមានដុតកម្ទេច ចោល ! ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុប ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នា សណ្ឋាគារសុខា ភ្នំពេញ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានព្រមានដុតកម្ទេច ចោល រថយន្តគ្មានពន្ធប្រមាណ៥ពាន់គ្រឿង ដែលមិនព្រម ចូលមកបង់ពន្ធ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីស្តីបន្ទោសព្រមានខ្លាំងៗ ទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការមិនសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរឿងនាំចូលជ្រូក ដ៏ដូចជ្រូកឡើងថ្លៃតាមចិត្តប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា, ក្នុងសន្និបាតរបស់ក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលដែល ប្រកាសបើកឲ្យរថយន្តអត់ពន្ធទាំងចង្កូតស្តាំ និងឆ្វេងចូលមក បង់ពន្ធត្រឹមត្រូវ មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មាន រថយន្តអត់ពន្ធចំនួន៥៩៩៣គ្រឿង ដែលទទួលបានចំណូល ចំនួន ៥១.៦លានដុល្លារអាមេរិក ហើយតាមការប៉ាន់ស្មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រថយន្តអត់ពន្ធប្រមាណ ជាង៥ពាន់គ្រឿងទៀត ដែលមិនទាន់មកបង់ពន្ធ។
សូមរម្លឹកថា , ខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន ចាប់ផ្តើមអនុវត្តន៍ការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តល់ការអនុគ្រោះ ពន្ធ១០ភាគរយ សម្រាប់ម្ចាស់យានយន្តដែលមកបង់ពន្ធត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នៅពេលផុតរយៈពេលនេះ គឺ ម្ចាស់រថយន្តនៅតែអាចមកបង់ពន្ធបានតែមិនមានការ អនុគ្រោះទេ ត្រូវបង់ពន្ធពេញ១០០ភាគរយ។ ជាមួយគ្នានេះ អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយ កម្លាំងសមត្ថកិច្ច ចុះបង្រ្កាបតាមដងផ្លូវ ចំពោះរថយន្តអត់ពន្ធ ផងដែរ។
ដោយឡែក សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការ បង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្រ្កាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេច ចោល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានយ៉ាងដូច្នេះថា «អ្នកដែលមិនទាន់ចូលបង់ពន្ធប្រហែលជា៥ពាន់គ្រឿងរថយន្តទៀត សូមចេញមកបង់ពន្ធប្រយ័ត្នតែដល់ពេល ថ្ងៃណាមួយ ខ្ញុំបញ្ជាឲ្យដុតឡានចោលតែម្តង កុំឲ្យពិបាកពេក ..,..ដើម្បីឲ្យនៅលើផ្លូវកុំឲ្យមានឡានផ្លាកលេខក្លែងក្លាយ ពេលណាមួយយកធ្វើជាគំរូដុតឡានតែម្តង ទោះថ្លៃប៉ុណ្ណាដុតឲ្យរាង។ ឥឡូវសូមអំពាវនាវអ្នកដែលមិនទាន់បានបង់ពន្ធ ចេញមកបង់ពន្ធ តែអត់មានអនុគ្រោះ១០ភាគរយទេ មុន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុគ្រោះ១០ភាគរយ ប៉ុន្តែផុតថ្ងៃ អនុគ្រោះគឺត្រូវបង់ពន្ធពេញ ហើយបើរកឃើញហើយ នៅក្នុង ផ្ទះអ្នកណាក៏ដោយ គឺត្រូវតែយក»។
ដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបានផ្តល់នូវគោលការណ៍ណែនាំនូវគោលការណ៍ ១០ចំណុចសំខាន់ៗ ដូចអ្វីដែល អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” ចុះផ្សាយមុននេះ ៕
ដោយ ៖ សិលា