ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលសង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនដែលនៅក្នុងរថយន្តរបស់អ្នកដែលបើករថយន្តនោះមានឈ្មោះឃ្លោក ជុនផេង អត្តលេខ៥៩៦៧៩ ឋានន្តរស័ក្តិ វរសេនីយ៍ទោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកBEAT ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1GK- 9598បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-0120 បើកបរដោយបុរសម្នាក់ជាមន្ត្រីនគរបាលសង្ស័យស្រវឹងស្រាជោកជាំ ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ទីតាំងកើតហេតុ។ ក្រោយសមត្ថកិច្ចជំនាញបានមកដល់ក៏ឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណង៥០០ដុល្លារទៅខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖និន សុភ័ស្ត