គ្រាប់បាល់១គ្រាប់តាមស្មើរបស់ខ្សែប្រយុទ្ធវ័យក្មេង Anthony Elangaក្នុងការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមបិសាចក្រហម Manchester United នៅលើទឹកដីក្រុម Atletico Madrid កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ។
កីឡាករវ័យ១៩ឆ្នាំរូបនេះរកបាន១គ្រាប់នៅតង់ទី២ នាទីទី៨០ចុងម៉ោងបន្ទាប់ពីដូរជំនួស Marcus Rashford នៅពេលដែលការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះរបស់ Bruno Fernandes ហើយត្រូវ Anthony Elanga ស៊ុតផុតដៃអ្នកចាំទីម្ចាស់ផ្ទះ Jan Oblak ជាមួយនឹងលទ្ធផល ១-១។
ការប្រកួតក្នុងជើងទី១រវាងក្រុម Atletico Madrid និងក្រុម Man Utd នៅChampions League នេះ ក្រុមភ្ញៀវមានប្រៀបជាងគូប្រកួត ប៉ុន្តែឱកាសនៃការស៊ុតចំគោលដៅគឺក្រុមម្ចាស់ផ្ទះ Atletico Madrid មានច្រើនជាង និងរកបានគ្រាប់បាល់១គ្រាប់នាំមុខទៀតផងនៅនាទីទី៧ក្នុងតង់ទី១ ដែលជាការតែតបញ្ចូលទីដោយខ្សែប្រយុទ្ធ Joao Felix ។
ក្រុមជើងឯកអេស្ប៉ាញរបស់លោក Diego Simeone អាចនឹងពិបាកក្នុងការទាញយកអត្ថប្រយោជន៍ពីក្រុម Man Utd ដោយសារតែជើងទី១នេះស្មើគ្នា ហើយជើងទី២ ក្រុមរបស់លោកត្រូវការជ័យជម្នះទើបអាចឡើងទៅកាន់វគ្គ៨ក្រុមបាន។ ចំណែកក្រុមរបស់លោក Rangnick ទោះបីប្រកួតស្មើក្នុងជើងទី១ ប៉ុន្តែជើងទី២ដែលជាទឹកដីក្រុមបិសាចក្រហមវិញនោះចាំបាច់ត្រូវតែរក្សាការឈ្នះដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្តដែរ។
ចំណែក១គូទៀតដែលស្មើគ្នាដែរនោះគឺក្រុមម្ចាស់ផ្ទះ Benfica បានប្រកួតស្មើ ២ទល់២ជាមួយក្រុមភ្ញៀវ Ajax។ ការប្រកួតតង់ទី១បាន១៨នាទីកីឡាករ Dusan Tadicក្រុមAjax រកបាន១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅនាទីទី២៥ កីឡាករ Sebastien Haller របស់ Ajax បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង១គ្រាប់វិញ។
មិនយូរប៉ុន្មានកីឡាករ Sebastien Haller ដដែលបានសាងគុណសម្បត្តិឡើងវិញដោយរកបាន១គ្រាប់នាំមុខវិញ នៅនាទីទី២៩រហូតដល់ចប់ការប្រកួតក្នុងតង់ទី១ ក្នុងលទ្ធផល Ajax ២គ្រាប់, Befica ១គ្រាប់។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកដើម្បីស្វែងរកគ្រាប់បាល់បញ្ចូលទី ហើយទីបំផុតក៏ធ្វើបាននៅនាទីទី៧២ ដោយកីឡាករ Roman Yaremchuk ធ្វើឲ្យចប់ការប្រកួតក្រុមទាំងទទួលបានលទ្ធផល២ទល់២។
កីឡាករបម្រុង Yaremchuk ពេលដែលរូបគាត់ស៊ុតបញ្ចូលទីតាមស្មើឲ្យក្រុមរបស់គាត់ហើយ កីឡាកររូបនេះបានបង្ហាញរូបសញ្ញារបស់សមាគមបាល់ទាត់អ៊ុយក្រែននៅក្រោមអាវរបស់គាត់។ Roman Yaremchuk បានបង្ហាញរូបតំណាងសម្រាប់ការគាំទ្រប្រទេសអ៊ុយក្រែនដែលជាប្រទេសកំណើតរបស់ខ្លួនបន្ទាប់ពីបានស្មើ Benfica ទល់នឹង Ajax ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១នេះ ដែលវាកើតឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមរវាងអ៊ុយក្រែននឹងរុស្ស៊ី។
សម្រាប់ការប្រកួតជើងទី២ ក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមរវាងក្រុមបិសាចក្រហម Manchester United នឹងក្រុម Atletico Madridនៅថ្ងៃទី១៦ ខែមីនាវេលាម៉ោង៣ទៀបភ្លឺ ខណៈដែលក្រុម Ajax ប៉ះក្រុម Benfica ជើងទី២ដែរគឺធ្វើឡើងនៅថ្ងៃទី១៦ ខែមីនាដែរ និងម៉ោងដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)