ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ លោក ដាតុ ស៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២
១. តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោក ដាតុ ស៊ី អ៊ីស្មាអែល សាប្រ៊ីប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែ កុម្ភៈ ឆ្នាំ២០២២។ ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយស្របពេលដែលប្រទេសទាំង ពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។
២. នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ដាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប បាន អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបាន ពលីជីវិតនៅក្នុងសង្គ្រាម និងបានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
៣. លោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង លោក នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង មានជំនួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
៤. នៅក្នុងជំនួបទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សា ស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើនៅវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបាន ផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម នៅក្នុងស្មារតី មិត្តភាពយូរអង្វែង សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។
៥. លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអបអរសាទរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានទទួល ពានរង្វាន់សន្តិភាព “ស៊ុនហាក់ ឆ្នាំ២០២២ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែល សម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍជាតិ ថ្នាក់ដឹកនាំទាំងពីរក៏ បានសម្តែងនូវក្តីរីករាយ ដែលប្រទេសទាំងពីរអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាង ល្អ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព ។
៦. ប្រទេសទាំងពីរ បានកោតសរសើរគា្នទៅវិញទៅមកអំពីការប្តេជ្ញាជម្នះបានលើជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ ប្រទេសទាំងពីរ នឹងត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញបានឆាប់រហ័សលើគ្រប់វិស័យ។ ភាគីទាំង ពីរក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ២០២១ ដោយម៉ាឡេស៊ីទទួលបាន៣,៥% និងកម្ពុជាទទួលបាន៣% និងព្រមទាំងត្រូវបានព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៀត សម្រាប់ឆ្នាំ២០២២។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ក្រុមហ៊ុននិងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជាដែលបានផ្តល់ជំនួយ សប្បុរស រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ រដ្ឋាភិបាល ម៉ាឡេស៊ី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយសប្បុរសដែលផ្ដល់ដោយរាជរដ្ឋាភិបាល សម្រាប់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។
៧. នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចំណង មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមកក្នុងវិស័យជាច្រើនរវាង កម្ពុជា និងម៉ាឡេស៊ី នៅក្នុងរយៈពេលប្រាំមួយទសវត្សកន្លះចុងក្រោយនេះ។ ប្រជាជាតិទាំងពីរនឹង បង្កើនទំនាក់ទំនងនៅគ្រប់កម្រិត ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែ ជិតស្និទ្ធ ដើម្បីឱ្យការយោគយល់គ្នា និងមិត្តភាពកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។
៨. ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី វិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណង ជំរុញការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំង ពីរ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅម៉ាឡេស៊ីផងដែរ។ នាយករដ្ឋមន្ត្រីទាំង ពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការងារ សេដ្ឋកិច្ច
ឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។
៩. នាយករដ្ឋមន្ត្រីទាំងពីរបានលើកទឹកចិត្តដល់ធុរជន និងវិនិយោគគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែម ទៀត អំពីឱកាសអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានកិច្ចព្រម ព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ ចំណូលរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និងច្បាប់ វិនិយោគថ្មីរបស់កម្ពុជាដែលនឹងផ្ដល់នូវក្របខណ្ឌច្បាប់ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍ បាន និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។ ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុង
ការស្វែងរកកិច្ចសហការផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) បច្ចេកវិទ្យា ហិរញ្ញវត្ថុ (Fintech) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber security) នៅប្រទេសកម្ពុជា។
១០-ភាគីទាំងពីរក៏បានផ្ដល់អាទិភាពដល់ការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្ម បង្កើតថ្មី (startups) និងរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បី លើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្តាក់ទុនរកស៊ីរបស់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។
១១. ម៉ាឡេស៊ីនឹងបន្តផ្តល់ឱកាសដល់មន្ត្រីរាជការកម្ពុជាចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាព តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការ ការពារជាតិម៉ាឡេស៊ី (MDCP)។
១២. លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះ ស្រាយបញ្ហាតំបន់ និងអន្តរជាតិនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួម សំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នា សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
១៣. ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មកលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែល ជាផលប្រយោជន៍ និងក្តីកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច នាយករដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់ ពីសារៈសំខាន់ចាំបាច់ក្នុងការធានានូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុចរបស់ប្រមុខដឹកនាំ អាស៊ាន (5PC) ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ម៉ាឡេស៊ីបានសម្តែងនូវការគាំទ យ៉ាងពេញលេញចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងទន្ទឹង រង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំទាំងពីរបាន បញ្ជាក់សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឲ្យបានឆាប់នូវក្រម ប្រតិបត្តិ (COC) នៅសមុទ្រចិនខាងត្បូងដែលមានប្រសិទ្ធភាព និងមានខ្លឹមសារ ស្របជាមួយនឹង ច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) តាមពេលវេលាដែលមានការឯកភាពគ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូក្រៅតំបន់ក្នុងក្របខ័ណ្ឌនៃទស្សន ទានអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានលើកឡើងបញ្ហាជនបាត់បង់ទីលំនៅ/ជនភៀសខ្លួនមកពីរដ្ឋរាក់ខាញ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋ មន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយមូលហេតុជាឬសគល់ន ជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេដោយស្ម័គ្រចិត្ត មានសុវត្ថិភាព និងភាពថ្លៃថ្នូរ។
១៤. លោក ដាតុ ស៊ី អ៊ីស្មាអែល សាប៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស ម៉ាឡេស៊ីដោយក្តីរីករាយនៅពេលវេលាសមស្រប៕
ដោយ ៖ សិលា