ក្រោយប្រធានាធិបតីរុស្ស៊ីប្រកាសពីយុទ្ធនាការយោធាពិសេស នៅក្នុងទឹកដីអ៊ុយក្រែន ភ្លាមៗនោះទីតាំងយោធាជាច្រើនរបស់អ៊ុយក្រែន រងការវាយប្រហារតាមដែនអាកាសពីរុស្ស៊ី កម្ទេចប្រព័ន្ធមីស៊ីលការពារជាច្រើន។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារទៅលើទីតាំងយោធា របស់អ៊ុយក្រែន។
កម្លាំងទាហានរុស្ស៊ីបានប្រកាសថា មិនបានវាយប្រហារចូលទីក្រុងសំខាន់ៗរបស់អ៊ុយក្រែននោះឡើយ ហើយពលរដ្ឋស្លូតត្រង់មិនរងការគំរាមកំហែងដល់អាយុជីវិតនោះឡើយ។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ក៏បានបញ្ជាក់ថាទីតាំងយោធារបស់ខ្លួនរងការវាយប្រហារ ។ ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវដល់ពលរដ្ឋរក្សាភាពស្ងប់ស្ងាត់មិនត្រូវចាកចេញពីផ្ទះនោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ទៀតថា អ៊ុយក្រែននឹងខ្លាំងក្លា ហើយយកឈ្នះ រាល់ការប៉ុនប៉ងឈ្លានពាន។
នៅថ្ងៃទី ២៤ខែកុម្ភៈ ប្រធានាធិបតីពូទីនប្រកាសថា នឹងអនុម័ត យុទ្ធនាការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន។
នេះជាវិធីសាស្ត្រល្អបំផុត ដើម្បីការពារប្រទេសសាធារណរដ្ឋ Donetskនិង Lugansk ដែលរុស្ស៊ីទើបតែទទួលស្គាល់ឯករាជ្យ។សកម្មភាពយោធារបស់រុស្ស៊ីគឺដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល៨ឆ្នាំកន្លងមកនៅក្នុងតំបន់ ភាគខាងកើតប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែន រួមទាំងអាកាសយានដ្ឋានយោធា ត្រូវបានបំផ្លាញ ។ ប៉ុន្តែទាហានរុស្ស៊ីនឹងមិនវាយប្រហារទៅលើទីក្រុង នានារបស់អ៊ុយក្រែននោះឡើយ។ កម្លាំងទាហានរុស្ស៊ីវាយប្រហារពី៣ទិស ជាប់ព្រំដែនរុស្ស៊ី ពីប្រទេស បេឡារូស និងគ្រីមៀ។
នៅពេលនេះដែរប្រទេសលោកខាងលិចដែលសន្យា ធានាសន្តិសុខដល់ប្រទេសអ៊ុយក្រែនទប់ស្កាត់រុស្ស៊ីមានអាមេរិកជាដើម មិនទាន់មានប្រតិកម្មអ្វីនោះឡើយ ។ ចំណែកអ៊ុយក្រែនវិញ បានរងការវាយប្រហារពីរុស្ស៊ីទៅហើយ។ នៅពេលនេះដែរមិនទាន់មានព័ត៌មានស្តីពីការខូចខាតទ្រព្យសម្បត្តិឬអាយុជីវិតនៅឡើយទេ ៕ដោយ៖ សាធី
រូបថត៖Reuters
រូបថត៖Không quân Ukraine