ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ។ 

នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាគ្នាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនិងបានផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមក្នុងស្មារតីមិត្តភាពយូរអង្វែងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ជាតិ។ 

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវក្តីរីករាយដែលប្រទេសទាំងពីរអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដ៏មានប្រសិទ្ធភាព។ ប្រទេសទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមកអំពីការប្ដេជ្ញាជំនះបានលើជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ នឹងត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញបានឆាប់រហ័សលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយម៉ាឡេស៊ីទទួលបាន ៣,៥% និងកម្ពុជាទទួលបាន៣% នឹងត្រូវព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៅទៀតសម្រាប់ឆ្នាំ ២០២២។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី  ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ  ក្រុមហ៊ុន និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជាដែលបានផ្ដល់ជំនួយសប្បុរសធម៌រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរាគក្បាលជំងឺកូវីដ-១៩នៅកម្ពុជា។ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្តែងនូវការអរគុណចំពោះជំនួយសប្បុរសធម៌ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល៦ទសវត្សរ៍កន្លះចុងក្រោយនេះ។ ប្រជាជាតិទាំងពីរ នឹងបង្កើនទំនាក់ទំនងគ្រប់កម្រិតព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែជិតស្និទ្ធ ដើម្បីឲ្យមានការយោគយល់គ្នា និងមិត្តភាពកាន់តែស៊ីជម្រៅបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល​ ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅប្រទេសម៉ាឡេស៊ីផងដែរ។​ ថ្នាក់ដឹកនាំទាំងពីរបានប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សការងារសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍ នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ដោយប្រទេសទាំងពីមានកិច្ចព្រមព្រៀងស្ដីអំពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ  មានតម្លាភាព  អាចព្យាករណ៍បាន  និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។

ប្រទេស ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការពង្រឹងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី និងរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល  Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីលើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្ដាក់ទុនរកស៊ីរបស់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។ ម៉ាឡេស៊ីនឹងបន្តផ្ដល់ឱកាសដល់មន្ត្រីរាជការកម្ពុជាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល​

និងកសាងសមត្ថភាពតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី(MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី(MDCP)។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់អំពីការគាំទ្រពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ: អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តធ្វើការងារយ៉ាងជិតស្និតក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចិរិភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈដោយត្រង់ទៅត្រង់មក លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ក្នុងចំណោមប្រទេសមហាអំណាច។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់អំពីសារសំខាន់ចាំបាច់ ក្នុងការធានានូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ានប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ម៉ាឡេស៊ីបានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) នឹងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ(COC)នៅសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងខ្លឹមសារស្របជាមួយនឹងច្បាប់អន្តរជាតិរួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ តាមពេលវេលាដែលមានការឯកភាពគ្នា។

ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូក្រៅតំបន់ក្នុងក្របខ័ណ្ឌនៃទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកឡើងអំពីបញ្ហាជនបាត់បង់ទីលំនៅជនភៀសខ្លួនមកពីរដ្ឋរ៉ាក់ខាញ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយមូលហេតុជាឫសគល់ នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេដោយស្ម័គ្រចិត្តមានសុវត្ថិភាព និងភាពថ្លៃថ្នូរ។

នៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ហើយសម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងទទួលយកនូវការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដោយក្តីរីករាយ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖