ភ្នំពេញ ៖ នៅថ្ងៃទី១៩ ,២១ និង២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោក(ក្លែងបន្លំឯកសារ) ៤ករណីផ្សេងគ្នាដែលមាន ទឹកប្រាក់២លាន២០មុឺនដុល្លារអាមេរិក។
ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ សុវត្ថិឌី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅបុរីលឹមឈាងហាក់ ផ្ទះលេខ១១T ផ្លូវលេខ៤I ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ទី២-ឈ្មោះ លាស់ យូ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះជួល ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះង៉ែត ប៉ាញ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ទី៤- ឈ្មោះ ជុំ ភាព , ទី៥-ឈ្មោះ កង សុីណាត ,ទី៦-ឈ្មោះ កង ចាន់ធឿន និង ជនសង្ស័យទី៧-ឈ្មោះ ហេង សម្ភស្ស ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យទាំង៧នាក់បានប្រព្រឹត្តបទល្មើស ឆបោកយកប្រាក់៥០មុឺនដុល្លារមិនបានសម្រេចនោះទេ ដោយប្រើមធ្យោបាយក្លែងបន្លំឯកសារ និង វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០៥០៥០៤១៥-១៣៥៣ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ២៦២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មធ្យោបាយរបស់ជនសង្ស័យទាំង៧នាក់ ដើម្បីប្រព្រឹត្តបទល្មើសឆបោកនេះ គឺនៅពេលជនសង្ស័យឈ្មោះ វ៉ាន់ សុវត្ថិឌី បានឃើញគេបង្ហោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ០៥០៥០៤១៥-១៣៥៣ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មាន ចុះហត្ថលេខា និងប្រថាប់ត្រាដោយ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិស្តុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលដីមានទំហំដី ៩.៦៨៦ម៉ែត្រការ៉េ មានឈ្មោះ បូ វណ្ណៈ និងយឹម អេង ជាម្ចាស់កម្មសិទ្ធករ។
បន្ទាប់មកជនសង្ស័យឈ្មោះ វ៉ាន់ សុវត្ថិឌី បានយករូបភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យទៅជនសង្ស័យឈ្មោះ អុី ស្រីនាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយមួយ ហើយជនសង្ស័យឈ្មោះ កង សុីណាត បានប្រាប់ជនសង្ស័យឈ្មោះ កង ចាន់ធឿនឱ្យរកនរណាម្នាក់ដើរតួជាម្ចាស់ដីក្លែងក្លាយ។ ពេលនោះជនសង្ស័យឈ្មោះ កង ចាន់ធឿន និងប្រពន្ធឈ្មោះ ង៉ែត ប៉ាញ បានទំនាក់ទំនងទៅមិត្តរបស់គេឈ្មោះ លាស់ យូ ដើម្បីជួយផ្ញើរូបថតរបស់ពួកគេទៅឱ្យជនសង្ស័យឈ្មោះកង សុីណាត ហើយ កង សុី ណាត ក៏បានបាញ់រូបភាពនេះទៅ ឱ្យអុី ស្រីនាង បន្តទៀត ដើម្បីធ្វើវិញ្ញាបនបត្រ និងសៀវភៅគ្រួសារក្លែងក្លាយ ដែលតម្រូវឈ្មោះជនសង្ស័យនៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតែម្តង។
ក្នុងនោះជនសង្ស័យបានក្លែងបន្លំឯកសារ ដោយក្លែងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ យឹម អេង និង ឈ្មោះបូ វណ្ណៈ រួមទាំងសៀវភៅគ្រួសារក្លែងក្លាយឈ្មោះ បូ វណ្ណៈ និង ប្រពន្ធឈ្មោះ យឹម អេង ដែលចុះទីលំនៅស្នាក់នៅផ្ទះលេខ១៩៥៦ ផ្លូវលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ចុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចុះហត្ថលេខា និងប្រថាប់ត្រាដោយលោកអធិការខណ្ឌឫស្សីកែវ លោក គល់ យី ដែលមានឈ្មោះ បូ វណ្ណៈ និង យឹម អេង មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ។
ពេលក្រុមជនសង្ស័យបានធ្វើឯកសារក្លែងក្លាយចប់សព្វគ្រប់ ក្រុមជនសង្ស័យក៏បានទំនាក់ទំនងទៅនារីម្នាក់ដើម្បីខ្ចីប្រាក់ចំនួន៥០មុឺនដុល្លារ ដោយយកឯកសារក្លែងក្លាយទៅបញ្ជាក់។ ពេលក្រុមជនសង្ស័យទាំង៧នាក់នេះទៅដល់ផ្ទះម្ចាស់ប្រាក់ ជនសង្ស័យ៣នាក់បានដើរចូលទៅក្នុងផ្ទះជួបជាមួយម្ចាស់ប្រាក់ ដោយកាន់ឯកសារក្លែងក្លាយឱ្យទៅម្ចាស់ប្រាក់ចម្លងដើម្បីខ្ចីលុយ។ ចំណែកជនសង្ស័យ៤នាក់ទៀតឈរចាំនៅខាងក្រៅផ្ទះម្ចាស់ប្រាក់ ដោយមិនឱ្យម្ចាស់ប្រាក់ដឹងឡើយ ។ ពេលដែលម្ចាស់ប្រាក់យកឯកសាររបស់ក្រុមជនសង្ស័យទៅចម្លងក៏ដឹងថា ជាឯកសារក្លែងក្លាយ រួចឱ្យជនសង្ស័យទាំង៣នាក់ផ្តិតមេដៃនៅលើឯកសារ រួចម្ចាស់ប្រាក់បានទំនាក់ទំនងទៅសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យ៤នាក់នៅខាងក្រៅបានរត់គេចខ្លួន តែទោះជាយ៉ាងណាត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស៊ើបអង្កេតឃាត់ខ្លួនបានតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់នេះបានធ្វើសកម្មភាពឆបាកដោយ ក្លែងបន្លំឯកសារបែបនេះចំនួន៤ករណីហើយ ដែលសរុបជាទឹកប្រាក់ ២លាន២០មុឺនដុល្លារអាមេរិក។
បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ រ៉ារ៉ា