ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតឃាត់ជនសង្ស័យម្នាក់និងអ្នកទទួលទិញផលចោរកម្ម០៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  មានចោរលួចកន្ទុយម៉ាស៊ីនត្រជាក់ ក្នុងបូរីសុខស្រេង២អស់ចំនួន២២គ្រឿង ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោក សៅ  សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ជាលទ្ធផល នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ  មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះម៉ិល យ៉ុង បានសារភាពថា៖គេពិតជាបានលួចកន្ទុយម៉ាស៊ីនត្រជាក់នៅបូរីសុខស្រេង២ពិតមែន ។បន្ទាប់ពីលួចបានយទៅលក់ឲ្យឈ្មោះ ឈន់ តារាវុធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន១២កន្ទុយម៉ាស៊ីនត្រជាក់និង០៣កន្ទុយទៀតលក់ឲ្យឈ្មោះសេង បូរី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែតនិងកន្ទុយម៉ាស៊ីនត្រជាក់ចំនួន០៧គ្រឿងទៀតបានលក់ឲ្យឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត សរុប២២គ្រឿង ។

លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖តាមការបំភ្លឺរបស់អ្នកទទួលទិញទាំង០៣នាក់មាន៖១/-ឈន់ តារាវុធ បានបំភ្លឺថា៖នៅដើមខែកុម្ភៈខ្លួនបានទិញម៉ាស៊ីនត្រជាក់ចំនួន៣ឈុត ក្នុងមួយឈុត១២០ដុល្លារចឹងស្មើរ៣៦០ដុល្លារ ចំពោះកន្ទុយ១២គ្រឿងនេះខ្ញុំឲ្យលុយអស់៧០០ដុល្លារមុនហើយព្រោះខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នា។មូលហេតុដែលខ្ញំទិញ ព្រោះឈ្មោះម៉ិល យ៉ុង នេះប្រាប់ថាគាត់ជាជាងម៉ាស៊ីនត្រជាក់ ហើយថាគាត់កាត់ពីគេ មិនដឹងគាត់លួចគេទេ ។២/-ឈ្មោះសេង បូរី បានបំភ្លឺថា៖ មូលហេតុដែលទិញកន្ទុយម៉ាស៊ីត្រជាក់ចំនួន០៣គ្រឿងនេះ ០១ តម្លៃ៣០ដុល្លារ ព្រោះឈ្មោះម៉ិល យ៉ុង ប្រាប់ថាគាត់ជាងម៉ាស៊ីនត្រជាក់គាត់លក់កន្ទុយម៉ាស៊ីនត្រជាក់ ៣យកលុយចាយ ខ្ញុំទិញអស់លុយ៣៦០,០០០រៀល។៣/-ឈ្មោះ ម៉ៅ មករា ក៏បានបំភ្លឺថា៖ខ្លួនបានទិញកន្ទុយម៉ាស៊ីនត្រជាក់ចំនួន៧គ្រឿង ក្នុង០១គ្រឿង៣៥ដុល្លារ ដោយឈ្មោះម៉ិល យ៉ុងបានប្រាប់ថាកន្ទុយម៉ាស៊ីនត្រជាក់គេបានកាត់ពីឃ្លាំងកាស៊ីណូទើបខ្លួនហ៊ានទិញ ។

លោក សៅ សារឿន បញ្ជាក់បន្ថែមថា៖អនុវត្តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យឈ្មោះ ម៉ិល យ៉ុង និងអ្នកទិញចំនួន០៣នាក់ទៀត កម្លាំងនគរបាលជំនាញបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

ចំណែកសម្ភារដែលដកហូតបានម៉ាស៊ីនត្រជាក់ចំនួន០៣ឈុតនិងកន្ទុយម៉ាស៊ីនត្រជាក់ចំនួន២៣គ្រឿង ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមយកទៅប្រើប្រាស់វិញផងដែរ៕

 

ដោយ ៖ វណ្ណា


ចែករំលែក៖