ព័ត៌មានទាន់ហេតុការណ៍៖

នារីមានសតិមិនគ្រប់ម្នាក់ត្រូវជនសង្ស័យម្នាក់ចាប់រំលោភបានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

     ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភនារីមានសតិមិនគ្រប់ម្នាក់បានសម្រេច​ រហូតដឹងដល់សមត្ថកិច្ច ប៉ុន្តែជនសង្ស័យដឹងខ្លួនទាន់ក៏ព្យាយាមរត់គេចខ្លួនតែម្ដង។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង១៥និង៣០នាទី ក្នុងចម្ការស្វាយរបស់ជនសង្ស័យដែលស្ថិតនៅក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

      មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះមានអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។  ចំណែកជនសង្ស័យឈ្មោះ ឈាង ឆឺយ ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍មាវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន)។

     ប្រភព​ដដែលបន្តថា នៅថ្ងៃ​កើតហេតុ​  ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី ជនសង្ស័យឈ្មោះ ឈាង ឆឺយ បានប្រើវិធីលួងលោមជនរងគ្រោះជាមនុស្សវិកលចរិតឱ្យទៅចម្ការស្វាយរបស់ខ្លួន រួចបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចលើជនរងគ្រោះ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានដើរចេញពីចម្ការស្វាយរបស់ខ្លួនមកផ្លូវបេតុង​ ក៏បានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមគេចខ្លួនបាត់តែម្តង។

   ក្រោយពីទទូលបានព័ត៌មាននេះកម្លាំងប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ​និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖