ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ព្រឹត្តិការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

រុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយកាំជ្រួចមីស៊ីលជាលើកទីពីរទៅលើទីតាំងក្នុងទឹកដីអ៊ុយក្រែន នៅល្ងាចថ្ងៃទី២៤ខែកុម្ភៈនេះ ។ ការវាយប្រហារលើកនេះគឺសំដៅទៅលើទីតាំងសំខាន់ៗ ។ គេឃើញមានផ្សែងខ្មួលខ្មាញ់នៅក្បែរក្រសួងការពារជាតិអ៊ុយក្រែនអាចជាលទ្ធផលនៃការវាយប្រហារពីរុស្ស៊ី ។

ទាហានអ៊ុយក្រែន៤០នាក់ស្លាប់ក្នុងការវាយប្រហារពីរុស្ស៊ី។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថា មានទាហានអ៊ុយក្រែន៤០នាក់ស្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារពីរុស្ស៊ី។
ចំណែកអ៊ុយក្រែនវិញបានប្រកាសពីសមិទ្ធផលនៃការវាយបកទៅលើរុស្ស៊ី ដែលក្នុងនោះកម្លាំងទាហានអ៊ុយក្រែនបានប្រកាសថាបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី៦គ្រឿង ។ ក្រៅពីនេះអ៊ុយក្រែនបានប្រកាសថាបានបាញ់កម្ទេចរថក្រោះរុស្ស៊ី ៤គ្រឿងនៅជិតទីក្រុង Kharkiv ភាគខាងកើតប្រទេសនេះ និងសម្លាប់ទាហាន រុស្សុី៥០ នាក់នៅក្នុងស្រុកមួយនៃទឹកដីសាធារណរដ្ឋ Luhansk ។ ប៉ុន្តែរុស្ស៊ីបានច្រានចោលព័ត៌មានទាំងនោះថាទាហានរុស្ស៊ីមិនមានការខូចខាតនោះឡើយ។
អ៊ុយក្រែនបានអំពាវនាវពលរដ្ឋឱ្យចូលបម្រើក្នុងជួរទាហាន ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksiy Reznikov បានប្រកាសថា ពលរដ្ឋគ្រប់រូបអាចកាន់អាវុធចូលបម្រើក្នុងជួរកងទ័ពបាននៅពេលនេះ ។ លោក Oleksiy Reznikov បញ្ជាក់ថា សត្រូវកំពុងតែវាយប្រហារយើង ប៉ុន្តែទាហានរបស់យើងមិនងាយរងការបំផ្លាញនោះឡើយ។
ទោះបីយ៉ាងណាមានការផ្សព្វផ្សាយថា អ៊ុយក្រែនបាត់បង់ពីរស្រុកធ្លាក់ចូលក្នុងដៃ ក្រុមទាហានLuhansk ហើយរុស្ស៊ីបានផ្អាកដំណើរការអាកាសយានដ្ឋានចំនួន១២កន្លែងនៅជិតប្រទេសអ៊ុយក្រែន។
សូមជម្រាបជូនថា បើមានស្ថានការណ៍ប្រែប្រួលយ៉ាងណាក្នុងសង្គ្រាមអ៊ុយក្រែន-រុស្សុីនេះយើងនឹងមានផ្សាយជូនជាបន្តបន្ទាប់ទៀត៕ ដោយ៖ សាធី

ប្រភពរូបថត៖Zing news+រូបថត៖ Twitter


ចែករំលែក៖