ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខសូមធ្វើការបដិសេធទាំងស្រុង ក្រោយមានបណ្តាញទំនាក់ទំនងសង្គម (facebook) ឈ្មោះ Varin som បានបង្ហោះវីដេអូឃ្លីបនូវខ្លឹមសារ “អាជ្ញាធរខណ្ឌសែនសុខ មិនដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ”

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២២ នេះមានគណនីបណ្តាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា “Varin Som” បានបង្ហោះឃ្លីបវីដេអូ មួយចំនួនដែលមានអត្ថន័យខ្លឹមសារចោទមកលើ អាជ្ញាធរខណ្ឌសែនសុខ មិនដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ”។ 

ចំពោះករណីខាងលើនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចខាងក្រោម៖

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្ដឹងរបស់លោក ចេង ហុង ម្ចាស់ក្បាលដីដែលមានប័ណ្ណកម្មសិទ្ធិលេខ ១២០៨០១០២-០៣១៦ មានទំហំ ១,៦១១ ម៉ែត្រក្រឡា ស្ថិតនៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្ដឹងឈ្មោះ សំ រតនា និងក្រុមគ្រួសារ ដែលបានសាងសង់រោងដែក និងយករថយន្តមកចតនៅលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ក្រោយពីទទួលពាក្យ បណ្តឹង រដ្ឋបាលខណ្ឌបានចាប់ដំណើរការដោះស្រាយសម្របសម្រួលជាបន្តបន្ទាប់ ។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ ក្រុមការងាររបស់រដ្ឋបាលខណ្ឌ ដោយមានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលខណ្ឌជាសេនាធិការ បានចុះធ្វើការវាស់វែង ដើម្បីធ្វើការផ្ទៀងផ្ទាត់ នៅលើទីតាំងដីទំនាស់ជាក់ស្តែង ។

ជា លទ្ធផល ក្រុមការងារបានពិនិត្យឃើញថា លោក សំ រតនា បានសាងសង់រោងដែក និងដាក់សម្ភារនៅលើដីទំហំ ៣៩ ម៉ែត្រក្រឡា ដែលជាដីកម្មសិទ្ធិរបស់លោក ចេង ហុង មានប័ណ្ណកម្មសិទ្ធិលេខ ១២០៨០១០២-០៣១៦ ។ ដូចនេះ រដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងលេខ ០០៦ សជណ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ណែនាំ ឲ្យលោក សំ រតនា និងក្រុមគ្រួសារ រុះរើសំណង់នានាដែលបានសាងសង់រំលោភលើដីកម្មសិទ្ធិរបស់លោក ចេង ហុង ប៉ុន្តែលោក សំ រតនា និងក្រុមគ្រួសារ មិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះទេ ទើប លោក ចេង ហុង បានដាក់ពាក្យបណ្តឹងមករដ្ឋបាលខណ្ឌ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ហើយម្ចាស់កម្មសិទ្ធិបានសម្រេចយកសំណង់រោងដែកដែលឈ្មោះ សំ រតនា និង ក្រុមគ្រួសារដែលបានសង់រំលោភនៅលើដីកម្មសិទ្ធិរបស់ខ្លួនចេញដោយខ្លួនឯង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ដូចនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារ “អាជ្ញាធរខណ្ឌសែនសុខ មិនដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ” ដែលបានបង្ហោះក្នុងគណនីបណ្តាញទំនាក់ទំនងសង្គមខាងលើ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖