ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត០២គ្រឿងបុកគ្នាដាច់កង់មុខបន្តបុកម៉ូតូបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម  ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក កាម៉ារីហើម ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2E 2526 បើកបរដោយបុរសមិនស្គាល់ឈ្មោះ(រត់បាត់)ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាកISUZU .DMAX ខៀវខ្ចី ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ កំពង់ធំ 2A.1288 បើកបរដោយឈ្មោះ សំបូរសុបិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិដូង  ឃុំចែងមានជ័យ ស្រុកបាណន់ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យដាច់កង់មុខខាងឆ្វេង ហើយរេចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខបាត់ដំបង(1AF-6559) បើកបរដោយឈ្មោះ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងបន្តទៅបុករោងសិប្បកម្មផលិតទឹកសុទ្ធខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យវាស់វែង និងដឹកជនរងគ្រោះទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយខូចខាតទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖