ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុទើប១ខួប១០ខែម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកបៀរខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាដៃជើងអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៤ខែកុម្ភជឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីខាងលើមានឈ្មោះ ឃិន ស្រីពៅ អាយុ០១ឆ្នាំ១០ខែមានឪពុកឈ្មោះ ឃិន ចន្នី អាយុ២៥ឆ្នាំ និងម្ដាយឈ្មោះរ៉េត រីណា អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញម្ដាយក្មេងស្រីបានដាក់កូននៅមុខផ្ទះឱ្យរត់លេងដូចសព្វដងខណៈជាប់រវល់ធ្វើកិច្ចការបោសសំអាតនិងដាំស្លរធ្វើម្ហូប។
ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាកូនស្រីបានលង់ទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្របង្កភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាដៃជើងអកុសល ហួសពេលទៅហើយ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថាក្រោយពីមានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសពពិតជាស្លាប់ដោយរអឹលជើងលង់ទឹកស្លាប់ប្រាកដមែន។
បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចផ្នែកជំនាញធ្វើកំណត់ហេតុរួចបានប្រគល់ជូនក្រុមគ្រួសារបូជាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុលក្ដួលនិងសោកសង្រេងបំផុត ៕
ដោយ៖យឹម សុថាន