ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បាននាំយកសត្វព្រៃ និងសត្វអណ្តើកសមុទ្រ(ក្រាស់) ទៅលែងឱ្យរស់រានមានជីវិតវិញ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាលទៀតហើយទៅលែងក្នុងព្រែកទឹកប្រៃធម្មជាតិវិញ ដែលជាការលែងសត្វអណ្តើកសមុទ្រ(ក្រាស់)លើកទី១៣២។ និងកាលពីថ្ងៃទី២៣ ខែកុម្ភៈ លោកឧកញ៉ា ទៀ វិចិត្រ ក៏នាំយកសត្វឈ្លូស ចំនួន ១ក្បាល, សត្វពង្រូល ចំនួន ១ក្បាល និងសត្វអន្សង ចំនួន ១ក្បាល ទៅលែងនៅព្រៃធម្មជាតិ ដើម្បីឱ្យសត្វទាំងនេះ បានរស់រានមានជីវិតក្នុងព្រៃឡើងវិញ។
បេីតាមការបញ្ជាក់ពីលោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា សត្វព្រៃកម្រទាំង ៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោក ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។ ព្រោះតែលោក ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វទាំងអស់នោះជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា លោកឧកញ៉ា ទៀ វិចិត្រ គ្រប់ពេលដែលគាត់នាំយកសត្វទៅលែងម្តងៗ គឺតែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះគឺ KH0394។
ជាមួយគ្នានោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងថាការលែងសត្វឱ្យរស់រានមានជីវិតវិញ ក្រៅពីទទួលបាននូវបុណ្យកុសល ក៏បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕
ដោយ៖សហការី