ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបវេល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបវេល ខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកបវេល។

ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក លួត សាលី ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបវេលថ្មី ជំនួសលោក នូ ប៊ុនយ៉ាង ដែលចូលនិវត្តន៍។ 

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក លួត សាលី ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបវេលថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព។ 

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាពមានភាពប្រសើរឡើង និងគុណភាព ក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ លោកបានណែនាំដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសុវត្ថិភាព និងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព។

លោក បានជំរុញដល់រដ្ឋបាលស្រុក បន្តពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះ កំពុងតែមានការផ្ទុះរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរនៅលើបណ្ដាប្រទេសក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងរីករាលដាលដែរ ហើយត្រូវជំរុញឲ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសមូលដ្ឋានសម្រាប់អ្នកដែលមិនទាន់បានមកចាក់ ជាពិសេសរដ្ឋបាលស្រុកត្រូវរៀបចំក្រុមការងារ ដើរចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ដើម្បីពិនិត្យមើលថា តើគ្រួសារណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រួសារណាខ្លះដែលមិនទាន់បានចាក់ដូសជំរុញ និងត្រូវណែនាំគាត់ឲ្យយល់ច្បាស់ពីសារៈប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះតែម្ដង ក៏ដូចជាធ្វើការណែនាំដល់គាត់កុំឲ្យជឿលើសម្ដីញ៉ុះញ៉ុងពីជនអគតិមួយចំនួនដែលចោតប្រកាន់ថា វ៉ាក់សាំងកូវីដ-១៩បង្កហានិភ័យដល់សុខភាព និងអាយុជីវិតមនុស្ស ផ្ទុយទៅវិញវ៉ាក់សាំងកូវីដ-១៩មិនបង្កជាហានិភ័យដល់សុខភាពមនុស្ស ឬអាយុជីវិតទេ ហើយថែមទាំងជួយអាយុជីវិតមនុស្ស ពីការឆ្លងពីជំងឺកូវីដ-១៩ ឬជួយឲ្យអាត្រាការស្លាប់ឲ្យនៅទាបបំផុត នៅពេលដែលយើងបានឆ្លងជំងឺកូវីដ-១៩នេះ។ 

លោក ក៏បានណែនាំបន្ថែមដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវណែនាំដល់មន្រ្ដីគ្រប់រូប ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យច្បាស់លាស់ និងម៉ត់ចត់ ហើយធ្វើយ៉ាងណាគេចឲ្យឆ្ងាយពីទង្វើណាដែលផ្ទុយពីច្បាប់ បើពុំនោះទេ បើសិនស្រាវជ្រាវរកឃើញថាមានបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើផ្ទុយពីច្បាប់អ្វីមួយ និងធ្វើការចាត់វិធានការដោយគ្មានការលើកលែងឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖