ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធិផលថ្មីធំៗ២ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមីនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមដំណើរដោយលោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិ ការក្រសួងសុខាភិបាល ប្រតិភូក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ ព័ន្ធជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

បន្ទាប់ពីដើរត្រួតពិនិត្យជុំវិញទីត្រៀមប្រារព្ធពិធីរួចមកលោក ជាម ច័ន្ទសោភ័ណ បានបង្ហាញពីផែនការ និងការរៀបចំនានាយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយទាំងសោភណ្ឌភាព និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងអ្នកចូលរួមនាថ្ងៃប្រារព្ធពិធី។

មានប្រសាសន៍នាឳកាសនោះ លោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុម ការងារទាំងអស់សហការគ្នា ធ្វើយ៉ាងណាការពារឲ្យបានតឺងរឹងបំផុត ធានាសុខសុវត្ថិភាព ទប់ស្កាត់ទាំងសត្រូវដែលមើលឃើញដោយកងកម្លាំងទាំង៣ប្រភេទនិងសត្រូវដែលមើលមិនឃើញ គឺមេរោគកូវីដ១៩ ដោយ ក្រុមគ្រូពេទ្យកងទ័ពអាវស ចំពោះអ្នកចូលរួមគ្រប់ជាន់ថ្នាក់ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានច្បាស់ លាស់ពិតប្រាកដថា អវិជ្ជមានជាមុនសិន ទើបអាចចូលក្នុងទីប្រារព្ធពិធី។

បើតាមលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំឲ្យដឹងថា មន្ទីរពេទ្យនេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងបញ្ចប់ការសាងសង់នាថ្ងៃទី២៧ ខែតុលា  ឆ្នាំ២០២១ ដោយចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លាអាមេរិក ក្រោមជំនួយឥត សំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបន្ថែមថា  ផ្ទៃក្រឡាមន្ទីរពេទ្យ មានទំហំ៥៥,៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ២៤.៣០០ ម៉ែត្រការ៉េ មានកំពស់២៤ម៉ែត្រ ចែកចេញជា០៥ជាន់។

មន្ទីរពេទ្យនេះ បំពាក់ឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ,រតនគិរី,ស្ទឹងត្រែង និងមណ្ឌលគិរី។

ជាមួយនឹងការសម្ពោធសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំដូចគ្នានេះដែរ បើតាមលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សាលារៀននេះ បានដាក់ឲ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន២ខ្នង កំពស់៣ ជាន់មាន៣៦បន្ទប់ អគារទីចាត់ការចំនួន២ខ្នង ១០ បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖