ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមកើនឡើងដល់ជិត៩ម៉ឺននាក់ក្នុងពេល២៤ម៉ោង

ចែករំលែក៖

នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ករណិឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះ បានកើនឡើងដល់ទៅ ៧៨.៧៩៥នាក់។ រដ្ឋធានីហាណូយ នៅតែជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ ដោយមានករណីឆ្លងរហូតដល់ទៅ៩.៨៣៦នាក់។ ក្នុងថ្ងៃនេះដែរ ក៏មានអ្នកព្យាបាលជាសះស្បើយ១៦ពាន់នាក់ និងស្លាប់៧៨នាក់ផងដែរ។
ករណីឆ្លងថ្មីនៅវៀតណាមថ្ងៃនេះមាននាំចូលពីក្រៅប្រទេស២១នាក់ ក្រៅពីនេះគឺឆ្លងក្នុងសហគមន៍ទាំងអស់ ស្ថិតនៅ៦៣ខេត្ត-ក្រុង ។ ការឆ្លងនៅថ្ងៃទី២៥ខែកុម្ភៈ កើនឡើងច្រើនជាងថ្ងៃទី ២៤ខែកុម្ភៈដល់ទៅ៩.៦៥៥នាក់។
ភាគច្រើនអ្នកឆ្លងស្ថិតនៅតំបន់ភាគខាងជើង ដែលស្ថិតនៅក្នុងរដូវរងា ក្នុងនោះទីក្រុងហាណូយមានជិត ១ម៉ឺននាក់, ទីក្រុងក្វាងនិញមានជាង ៤.៦០០នាក់, បាក់យ៉ាង ជាង៣៥០០នាក់ … ចំណែកនៅទីក្រុងហូជីមិញវិញមាន២.២០៦នាក់ កើនឡើងខ្ពស់ផងដែរ។
មកទល់ពេលនេះវៀតណាមចាក់វ៉ាក់សាំងបានសរុបជាង១៩២,៨លានដូស ក្នុងនោះពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងចាក់បានជាង១៧៦លានដូស ។ អ្នកចាក់ដូសទីមួយមានជាង៧០,៨លានដូស អ្នកចាក់ដូសទីពីរមានជាង៦៩លានដូស និងដូសជំរុញជាង២៣លានដូស៕ ដោយ៖ធីរីណា

រូបថត៖TTXVN 


ចែករំលែក៖