ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ របត់នយោបាយអន្តរជាតិថ្មីបែបអនាធិបតេយ្យ ដែលរុស្សុីរៀនពីអាមេរិកនិងសម្ព័ន្ធមិត្តនាពេលកន្លងមកគឺ៖
១. ប្រតិបត្តិការយោធានេះ មិនមែនជាការធ្វើសង្រ្គាមនិងឈ្លានពាននោះទេ តែជាប្រតិបត្តិការការពារនិងថែរក្សាសន្តិភាព ឯករាជភាព សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋ។
២. វិធានការឆ្លើយតបតាមគោលការណ៍បដិការនៃនយោបាយអន្តរជាតិ គឺធ្វើយ៉ាងមុិចដាក់គេ គេធ្វើដូចគ្នាអញ្ចឹងដាក់វិញដែរ ជាឯកតោភាគី រួចទើបអាចចរចារគ្នាជាក្រោយបាន។
គួរជម្រាបថា លោក ជិន ម៉ាលីន កាលពីម្សិលមិញនេះ ក៏បានថ្លែងថា៖ ហេតុអ្វីពេលអាមេរិក និងសម្ព័ន្ធមិត្តប្រើកម្លាំងទ័ពវាយចូល និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអុីរ៉ាក់, លីប៊ី; សុីរី, អាហ្គានីស្ថាន និងរួមទាំងកម្ពុជាផងនោះ។
លោករដ្ឋលេខាធិការរូបនេះ បានបន្ថែមថា គេនាំគ្នាហៅថាកិច្ចអន្តរាគមន៍រំដោះពលរដ្ឋ ស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែពេលរុស្សីប្រើប្រាស់វិធានការដូចគ្នាទៅលើអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បែជាហៅថាការឈ្លានពានទៅវិញ? តើអ្វីជាកិច្ចអន្តរាគមន៍តាមច្បាប់អន្តរជាតិ និងអ្វីជាការឈ្លានពាន?
ជាចុងក្រោយ លោក ជិន ម៉ាលីន រីករាយថ្ងៃសម្រាកចុងសប្តាហ៍មិត្តទាំងអស់គ្នា!៕
ដោយ៖ស តារា