ក្រោយពេលអាមេរិកស្នើផ្តល់ទីកន្លែងភៀសខ្លួនដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បើសិនជាលោកចង់ចាកចេញពីប្រទេសនោះមក លោក Volodymyr Zelensky បានបញ្ជាក់ថា ពេលនេះគឺលោកត្រូវការគ្រាប់រំសេវដើម្បីទប់ទល់ជាមួយរុស្សុី មិនមែនកន្លែងភៀសខ្លួននោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា «សង្គ្រាមកំពុងតែកើត ឡើងនៅទីនេះ យើងត្រូវការអាវុធគ្រាប់រំសេវដើម្បីទប់ទល់ជាមួយសង្គ្រាមវាយប្រហារពីរុស្ស៊ី មិនមែនត្រូវការទីកន្លែងភៀសខ្លួននោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា កម្លាំងទាហានរុស្ស៊ីបានព្យាយាមដណ្តើមគ្រប់គ្រងរដ្ឋធានី ដូច្នេះយើងត្រូវការអាវុធដើម្បីទប់ទល់ មិនមែនត្រូវការកន្លែងភៀសខ្លួននោះឡើយ។
ក្នុងពេលនេះដែរ តំណាងក្រសួងការពារជាតិរុស្ស៉ី លោក Igor Konashenkov នៅថ្ងៃទី២៦ខែកុម្ភៈ បានឱ្យដឹងថា កងកម្លាំងយោធារុស្ស៉ីបានកម្ទេចវត្ថុសរុបចំនួន៨២១ នៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលប្រតិបត្តិការយោធាបាននិងកំពុងប្រព្រឹត្តនៅថ្ងៃទី៣។
មន្រ្តីយោធារុស្ស៉ីរូបនេះបានរៀបរាប់ថា ក្នុងចំណោមវត្ថុទាំងនោះ រួមមាន ព្រលានយន្តហោះយោធាចំនួន១៤កន្លែង, ប៉ុស្តិ៍បញ្ជាការនិងមជ្ឈមណ្ឌលទាក់ទង១៩កន្លែង, ប្រព័ន្ធប្រឆាំងមីស៉ីល S-300 និង Osa ២៤គ្រឿង, ស្ថានីយរ៉ាដា ៤៨កន្លែង, យន្តហោះចម្បាំង ៧គ្រឿង, ឧទ្ធម្ភាគចក្រ៧គ្រឿង, យន្តហោះដ្រូន៩គ្រឿង, រថក្រោះនិងរថពាសដែក៨៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត២៨គ្រឿង, កាណូតចម្បាំង៨គ្រឿង ព្រមទាំងបរិក្ខារយោធារាប់រយផ្សេងទៀត។
បើតាមលោក Konashenkov យោធារុស្ស៉ីបានប្រើប្រាស់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយវាយប្រហារចេញពីតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោកទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន។ ជាមួយគ្នានេះ កងទ័ពរុស្ស៉ីក៏ដណ្តើមកាន់កាប់បានទាំងស្រុងនូវទីក្រុង Melitopol នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនផងដែរ ខណៈការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅតាមទីក្រុងផ្សេងៗទៀត រួមមានទាំងរដ្ឋធានីកៀវរបស់អ៊ុយក្រែនផងដែរ៕ ដោយ៖ធីរីណា
រូបថត៖AFP
រូបថត៖Reuters