ប្រទេសអ៊ុយក្រែន ៖ តើមានអ្វីកើតឡើងប្រសិនបើទីក្រុងកៀវដួលរលំ ហើយរដ្ឋាភិបាលរបស់លោក Zelensky ត្រូវបានផ្តួលរំលំ? លោក Zelensky នៅតែជំនះថានឹងបន្តស្នាក់នៅទីក្រុងកៀវនិងតស៊ូដល់ទឹកចុងក្រោយ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ប្រសិនបើទីក្រុងកៀវធ្លាក់ទៅលើកងកម្លាំងរុស្ស៊ី គាត់នឹងត្រូវគេសម្លាប់ ឬក្លាយជាអ្នកទោស។ នេះបើយោងតាមប្រភព៖ (SCMP) ។
ប្រសិនបើ Zelensky ភៀសខ្លួន តើមានប្រទេសណាទទួល?
ក្នុងករណីគាត់ស្វែងរកជំនួយ ឬរត់រកស្ថានទូតបរទេសនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានថ្លែងថា “យើងត្រៀមខ្លួនជាស្រេចដើម្បីជួយលោក Zelensky ប្រសិនចាំបាច់”។ បើសិនជាលោក Zelensky អាចនៅរស់ក្រោយការភៀសខ្លួន គាត់អាចបង្កើតការតស៊ូបន្តនៅភាគខាងលិចអ៊ុយក្រែន ហើយលោក Putin ទំនងជានឹងបង្កើតរដ្ឋាភិបាលដែលជ្រើសរើសដោយដៃរបស់គាត់នៅក្នុងទីក្រុងកៀវ។
ក្នុងករណីមានរដ្ឋាភិបាលនិរទេសខ្លួន តើវានឹងទៅជាយ៉ាងណា?
ប្រសិនបើ Zelensky ភៀសខ្លួនចេញពីអ៊ុយក្រែន គាត់ទំនងជានឹងក្លាយជាមេដឹកនាំនិរទេស។ មានករណីជាច្រើនដែលរដ្ឋាភិបាលរបស់ប្រទេសមួយត្រូវដំណើរការក្នុងការនិរទេសខ្លួន។ ក្នុងកំឡុងសង្គ្រាមលោកលើកទី2 រដ្ឋាភិបាលប៉ូឡូញបានរស់នៅក្នុងទីក្រុងឡុង បន្ទាប់ពីការលុកលុយដោយណាស៊ីអាល្លឺម៉ង់និងសហភាពសូវៀត។ ប្រសិនបើ Zelensky ដឹកនាំរដ្ឋាភិបាលនិរទេសខ្លួន វានឹង “បរាជ័យសម្រាប់អ៊ុយក្រែននៅចំពោះមុខនេះ ប៉ុន្តែមិនមែនជាការបញ្ចប់សង្រ្គាមនោះទេ”៕
ដោយ ៖ ពុយ គា