ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាឃីត និងថវិកា ផ្ដល់ជូនស្រ្ដីទើបសម្រាលកូន ចំនួន៤០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងមន្ទីរពេទ្យអង្គរកា

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៊ូច ភា អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា នាយកប្រតិបត្តិសាខា លោក កង អាណាន់ អភិបាលក្រុងដូនកែវ រួមជាមួយមន្រ្តី ពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឃីត ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្រ្ដីទើបសម្រាលកូនចំនួន ៤០នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអង្គរកា ដើម្បីចូលរួម អបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពង្រឹងការ ផ្តល់ សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រី មានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»។ នេះបើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ 

 សូមបញ្ជាក់ថា, មានប្រសាន៍សំណេះសំណាលក្នុងឱកាសនោះ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការ អភិវឌ្ឍនៅកម្ពុជា មកជម្រាបជូនបងប្អូនស្រ្តីដែលជានិច្ចជាកាល សម្តេច តែងតែបានគិតដល់សុខទុក្ខ បងប្អូនរួមជាតិ ជាពិសេសណែនាំឱ្យបងប្អូនរៀនរស់នៅតាមគន្លងថ្មី ៣កុំ ៣ការពារ ក្នុងបរិបទនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ដែរថា អំណោយមនុស្សធម៌ដែលបានយកមកផ្ដល់ជូន ដល់ស្ត្រីទើបសម្រាលកូន រួមមាន៖ សារុង១ ទឹកដោះគោ ២កំប៉ុង ស្ករស ១គីឡូក្រាម សាប៊ូ ១កញ្ចប់ ម្សៅកូនក្មេង១កំប៉ុង ខោអាវទារក ១សម្រាប់ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖