ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម៖ លិចទូកនៅហូយអាន ស្លាប់៥នាក់បាត់ខ្លួន១០នាក់

ចែករំលែក៖

ប្រធានគណៈកម្មាធិការទីក្រុង ហូយអាន(Hoi An) បានប្រកាសថា មានមនុស្ស៥នាក់ស្លាប់និង១០ នាក់រងរបួសនៅក្នុងហេតុការណ៍លិចកាណូតដឹកអ្នកទេសចរនៅតំបន់សមុទ្រក្នុងទីក្រុងនេះ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២២ នៅច្រកសមុទ្រក្នុងទីក្រុងហូយអាន ខេត្តក្វាងណាម។ ក្នុងពេលគ្រោះថ្នាក់កើតឡើងកាណូត ភឿងដុង បានធ្វើដំណើរពីកោះ Cu Lao Cham ទៅកាន់កំពង់ផែ Cua Dai ។ ពេលចូលជិតដល់កំពង់ផែ កាណូតក៏បានក្រឡាប់បណ្តាលឲ្យមនុស្ស ៣៧នាក់ធ្លាក់ចូលក្នុងសមុទ្រ។ ក្រុមជួយសង្គ្រោះក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗនោះដែរ។
ប្រធានគណៈកម្មាធិការទីក្រុងហូយអាន លោក ង្វៀង វុាំង សឺង បានទៅកាន់កន្លែងកើតហេតុដើម្បីបញ្ជាសកម្មភាពជួយសង្គ្រោះ ។ លោកបានបញ្ជាក់ថា «ពេលដំបូងមានមនុស្ស៣៧នាក់នៅលើកាណូត ក្នុងនោះមាន២០នាក់បានជួយសង្គ្រោះទាន់ពេល ។ ក្រៅពីនេះក៏មានមនុស្ស៥នាក់ស្លាប់ និង១០នាក់ទៀតនៅបាត់ខ្លួននៅឡើយទេ។ យើងបានប្រមូលកម្លាំងដើម្បីស្វែងរកអ្នកបាត់ខ្លួន ចំណែកជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងដើម្បីព្យាបាល៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖Zing news


ចែករំលែក៖