ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសស្រាលម្នាក់និងធ្ងន់ម្នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នាត្រូវបានក្រុមគ្រួសារយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែករៀងៗខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ១០រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង ១៨និង៥០នាទី ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ លើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថាកើតបង្កឡើងរវាងម៉ូតូម៉ាកហុងដាគុប៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ តែម ឡឺម ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរកសិករ មាននៅភូមិ-ឃុំ កើតហេតុខាងលើ (មិនពាក់មួកសុវត្ថិភាព)របួសស្រាល ត្រូវបានក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកអង្គរបូរី បានប៉ះជាមួយម៉ូតូម៉ាកស៊ូសាគីនិចសេឡូ ពណ៌ខ្មៅ ពាក់លេខ រដ្ឋ 17-3145 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សុខ គីណាល់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុដែលបង្កឡើងនេះគឺបណ្ដាលមកពីអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះត្រួតពិនិត្យនិងធ្វើការវាស់វែងរីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕
ដោយ៖ ស សម