(តពីលេខមុន)
បើសង្ក្រានត្រូវលើថ្ងៃណា ត្រូវធីតាប្រចាំថ្ងៃនោះ ជិះម្រឹគចេញទៅនាំក្បាលឪពុកចេញអំពីភ្នំកៃលាស ដង្ហែក្បាលប្រទក្សិណភ្នំព្រះសុមេរុធ្វើកិច្ចស្រេចហើយទើបនាំចូលទៅទុកកន្លែងដើមវិញ។ ឧទាហរណ៍សង្ក្រានត្រូវលើថ្ងៃអាទិត្យនោះ ត្រូវវេននាងទុង្សាជិះគ្រុឌចេញនាំផ្លូវដង្ហែក្បាលឪពុក។
នាងទេពធីតាជាអ្នកនាំផ្លូវដង្ហែក្បួននោះ ត្រូវមានអានុភាពសាយភាយចាប់តាំងពីថ្ងៃសង្ក្រាន្តទៅអស់រយៈពេលមួយឆ្នាំគត់ហើយមហាសង្ក្រានក៏ចេញប្រកាសប្រាប់នូវគ្រោះកាច គ្រោះជា ក្នុងឆ្នាំនោះជាឧឡារឹកបន្តបន្ទាប់ទៅទៀត។ សង្ក្រានក្នុងព្រះបរមរាជវាំងព្រះករុណាទ្រង់យាងចេញថ្វាយបង្គំទទួលទេវតាប្រចាំឆ្នាំថ្មីដែលជាអ្នករក្សាលោកនិងព្រះនគរនៅកើយព្រះទីនាំងទេវាវិនិច្ឆ័យ ដែលមានធ្វើរានទេវតាមួយនៅទីនោះ ក្រុមបាគូស្វាយសង្ខ័ លោកឧកញ៉ាហោរាសាស្ត្រ(ចាងហ្វាងក្រុមហោរ) តាំងសូត្រពាក្យប្រកាសទេវតាគ្រប់ទិសទីជាភាសាបាលី សូមឱ្យពួកទេវតាទាំងពួងនោះប្រសិទ្ធពរជ័យថ្វាយតេជ:ជោគជ័យ មង្គលសួស្ដីចំពោះព្រះករុណាជាម្ចាស់ជីវិតលើត្បូង ក្រុមព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ខ្ញុំរាជការ ព្រមទាំងអាណាប្រជានុរាស្រ្តក្នុងដែនក្រុងកម្ពុជា។ ចប់ហើយព្រះករុណាទ្រង់ក្រាបបង្គំថ្វាយបង្គំទេវតាបីដង បារគូថ្វាយសង្ខ័បីបទ ផុតសំឡេងសង្ខ័ហើយទើបក្រុមភ្លេងលេងបទសាធុការ ៣ បទស្វាយទៀត។
បន្ទាប់ពីនោះមកទៀត ព្រះករុណាទ្រង់យាងស្រង់ព្រះឧទកធារាតាមទំនៀម ក្នុងវេលាមង្គលឫក្សតាមដែរហោរាគន់គូរ ។ គេយកទឹកមន្តដែលព្រះសង្ឃចម្រើនព្រះបរិត្តដាក់បំពេញក្នុងផ្តឹលសំរឹទ្ធ ១ ធំមានជើងខ្ពស់នៅក្បែរជើងផ្តឹលនោះ។ ព្រះករុណាទ្រង់ព្រះពស្រ្តស ពានាស ទ្រង់គង់លើជើងម៉ាឈមព្រះភ័ក្រទៅរកទិសដង្ហើមរស់។ ទិសដង្ហើមរស់នេះប្ដូរទៅតាមថ្ងៃក្នុងសប្តាហ៍ ទិសផ្ទុយគ្នាក្នុងថ្ងៃនោះហៅថាទិសដង្ហើមស្លាប់។ លំដាប់នោះព្រាហ្មណ៍ដែលជាអធិបតីក្រុមបាគូចូលទៅដងទឹកក្នុងផ្តឹលធំនោះ ហើយចាក់ស្រោចថ្វាយព្រះករុណានោះស្រង់រួចហើយទើបព្រាហ្មណ៍ដដែលនោះថ្វាយទឹកទឹកក្លស់ទឹកស័ង្ខ(ទឹកដែលដាក់ក្នុងស័ង្ខ)ដែលព្រះករុណាទទួលដោយក្បង់ព្រះហស្ថយកទៅស្រប់ព្រះភ័ក្រ្តនិងព្រះកេសា។ ក្នុងពេលនោះព្រាហ្មសូត្រគាថាកម្ចាត់ភ័យន្តរាយឲ្យខ្ចាត់ចេញផុតអំពីព្រះកាយនៃព្រះអង្គ។
ក្នុងថ្ងៃដដែលនោះ ព្រះករុណាទ្រង់យាងស្រង់ព្រះបញ្ចក្សេត្រដែលមានរូបព្រះឥសូរ១ ព្រះនារាយណ៍១ ព្រះពលទេពមួយ ព្រះគណេស១ និងព្រះនាងឧមស១ នៅនាហោព្រះបញ្ចក្សេត្រ។
ថ្ងៃជាគម្រប់ ៣ ហៅថាថ្ងៃឡើងស័កគឺជាថ្ងៃដែលផ្លាស់សករាជ ហើយចូលស្រឡះទៅក្នុងឆ្នាំថ្មី។ នៅឯព្រះបរមរាជវាំងព្រះករុណាទ្រង់យាងស្រង់ព្រះពុទ្ធរូបនឹងនិមន្តព្រះសង្ឃស្រង់ទឹកស្រេចហើយ ក្រុមសង្ឃការីនិមន្តព្រះសង្ឃបង្សុកូលថ្វាយព្រះរាជកុសលចំពោះព្រះបរមព្រះអដ្ឋិ នៃព្រះរាជរាជវង្សានុវង្ស ទាំងឡាយដែលតម្កល់នៅព្រះអដ្ឋិ។ នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត