ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងខណៈដែលម្ចាស់ដាក់ភ្លើងចង្ក្រានស្ងោរសាគូទុកចោល។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៤និង០០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកបញ្ជាក់ឱ្យដឹងទៀតថា៖ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៦ម៉ែត្រ×៧ម៉ែត្រសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អែម លីនី ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅជាមួយម្ដាយមេម៉ាយ ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សម្ភារខូចខាតមាន ៖ ម៉ាស៊ីនភ្លើងចំនួន ២គ្រឿង ,ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង , ម៉ាស៊ីនបាញ់ថ្នាំចំនួន ២គ្រឿង , ទុយូទឹកបាញ់សាចទឹកចំនួន ២០ ដុំ , ទុយូវែងចំនួន ៦០ដើម , ផ្ទាំងសូឡាធំតូច ៣ ផ្ទាំង , ម៉ូតូសង់កូរ៉េស៊េរីចាស់ចំនួន ១គ្រឿង , ថវិកាចំនួន ១០៥០០០រៀល , រួមនឹងកាតចាក់វ៉ាក់សាំង ,សំបុត្រកំណើត ,សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ ,ប័ណ្ណបើកបរ, កាតគ្រីឡាន និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ៕
ដោយ៖ ចន្ទ លីហ្សា