ខេត្តកណ្ដាល ៖ បុរសម្នាក់បើកបររថយន្តខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅខាងស្ដាំបុកក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម រីឯក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB- 5340 បើកបរដោយឈ្មោះ ត្រុី សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ គកលិច ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ឃាត់ខ្លួនក្រោយពេលកេីតហេតុ)។ ចំណែកជនរងគ្រោះមាន២នាក់ ទី១-ឈ្មោះ ង៉ា វណ្ណសុដានី អាយុ១១ឆ្នាំ (ស្លាប់បាត់បង់ជីវិត),ទី២-ឈ្មោះ ឈុំ សុវណ្ណរិនដា អាយុ១០ឆ្នាំ(របួសធ្ងន់)។ ក្មេងទាំង២នាក់មានទីលំនៅភូមិ-ឃុំកេីតហេតុខាងលើ។
ប្រភពដដែលបានបន្តថា នៅមុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB- 5340 បេីកបរក្នុងទិសដៅពីលិចទៅកេីត (កំពង់ឆ្នាំង-ភ្នំពេញ)តាមបណ្ដោយផ្លូវជាតិលេខ៥ លុះបេីកបរមកដល់ចំណុចកេីតហេតុក៏បានជ្រុលចង្កូតទៅខាងស្តាំដៃបណ្ដាលឱ្យបុកកន្លែងលក់ផ្កា(ចម្រុះ) ធ្វើឱ្យក្មេងស្រីឈ្មោះ ង៉ា វណ្ណសុដានី អាយុ១១ឆ្នាំស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតឈ្មោះ ឈុំ សុវណ្ណរិនដា អាយុ១០ឆ្នាំរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ក្មេងប្រុសរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលដេីម្បីបន្តនីតិវិធី ។ ដោយឡែកសាកសពក្មេងស្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ