ខេត្តព្រៃវែង៖ លោក ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននាំយកថវិកាប្រចាំខែកុម្ភៈ របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា បានគូសបញ្ជាក់ថា៖ ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ខ្ញុំ និងក្រុមគ្រួសារ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។
សម្រាប់ខែកុម្ភៈនេះ គឺជាខែទី១៥ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។
គួរជម្រាបថា ក្មួយកំព្រាទាំងពីរនាក់បងប្អូនខាងលើ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អួន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយកំព្រាទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ៕
ដោយ៖សហការី