ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកកំពុងតែបែងចែកបក្ខពួក ម្ខាងគាំទ្រលោកខាងលិច ម្ខាងគាំទ្ររុស្ស៊ីក្នុងសង្គ្រាម

ចែករំលែក៖

ក្នុងពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបាននាំគ្នា ថ្កោលទោសរុស្ស៊ី ។ ចំណែកប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយចំនួនបានរក្សាភាពស្ងប់ស្ងាត់មិនបង្ហាញពីគោលជំហរនោះឡើយ ប៉ុន្តែក៏មានប្រទេសជាច្រើនចេញមុខគាំទ្ររុស្ស៊ីដោយបើកចំហផងដែរ។

តាមសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានប្រកាសថា មកទល់ថ្ងៃទី២៨ខែកុម្ភៈនេះ មាន៨៤ប្រទេស និង១៣អង្គការអន្តរជាតិ បានគាំទ្រអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានបញ្ជាក់ថា មានប្រទេសជាច្រើនឈរខាងអ៊ុយក្រែន ចំពោះការវាយប្រហារពីប្រទេសរុស្ស៊ី។
ប្រទេសដែលគាំទ្រអ៊ុយក្រែនមាន អាមេរិក អាល្លឺម៉ង់ កាណាដា បារំាង អង់គ្លេស អុីតាលី ជប៉ុន…។ ជាមួយគ្នានេះដែរក៏មានប្រទេសជាច្រើនកំពុងពិចារណាថាតើត្រូវសម្រេចគាំទ្រភាគីណា។ នៅពេលនេះសហគមន៍អន្តរជាតិកំពុងតែតាមដានយ៉ាងខ្លាំងដល់សង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន។
ចំណែកប្រទេសគាំទ្ររុស្ស៊ីវិញ មានប្រទេសបេឡារូស មិនត្រឹមតែគាំទ្ររុស្ស៊ីនោះឡើយថែមទាំងអនុញ្ញាតឱ្យរុស្ស៊ីដាក់អាវុធបរមាណូនៅក្នុងប្រទេសនេះ ក៏ដូចជាចូលរួមក្នុងសង្គ្រាមជួយដល់រុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែនទៀតផង។
ក្រៅពីនេះ មានប្រទេសកូរ៉េខាងជើង ស៊ីរី វេណេហ្ស៊ុយអេឡា គុយបា មីយ៉ាន់ម៉ា… ចំណែកប្រទេសមួយចំនួនទៀតដែលជាមហាអំណាចបរមាណូ ក្នុងនោះមានចិន ឥណ្ឌា ប៉ាគីស្ថាន ប្រេស៊ីល ក៏ដូចជាប្រទេសតំបន់អាស៊ីកណ្តាលមានដូចជា Kazakhstan, Uzbekistan, Kyrgyzstan និងTajikistan នៅរក្សាភាពស្ងប់ស្ងាត់នៅឡើយទេ មិនទាន់បង្ហាញពីគោលជំហរគាំទ្រភាគីណាមួយនោះឡើយ។ ប៉ុន្តែប្រទេសទាំងនោះជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។
ក្នុងពេលនេះដែរ ប្រសិនបើចិន ឥណ្ឌា ប៉ាគីស្ថាន បង្ហាញពីគោលជំហរគាំទ្ររុស្ស៊ីនោះ មានន័យថា រុស្ស៊ីមានប្រទេសអាវុធបរមាណូច្រើនជាងប្រទេសលោកខាងលិចទៅទៀត ។
បច្ចុប្បន្នមាន៩ប្រទេសនៅលើពិភពលោកមានអាវុធបរមាណូ គឺ អាមេរិក៦.៤៥០គ្រាប់ រុស្ស៊ី ៦.៨៥០គ្រាប់ បារាំង៣០០គ្រាប់ ចិន២៨០គ្រាប់ អង់គ្លេស ២១៥គ្រាប់ ប៉ាគីស្ថាន១៥០គ្រាប់ ឥណ្ឌា១៤០គ្រាប់ អុីស្រាអែល ៨០គ្រាប់ និងកូរ៉េខាងជើង៦០គ្រាប់ ។ សរុបមានគ្រាប់បែកបរមាណូ ១៤.២៥២ គ្រាប់ ដែលអាចកម្ទេចភពផែនដីទាំងមូល។ ប្រទេសមានគ្រាប់បែកបរមាណូ ក៏បានចែកជាពីរម្ខាងគាំទ្រលោកខាងលិច ម្ខាងគាំទ្ររុស្ស៊ី៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖