ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត សុខ ទូច ៖ នឹងមិនមានការផ្ទុះសង្រ្គាមទេ ព្រោះថារុស្ស៊ីបានដាក់សំណើរ៣ទៅអង្គការណាតូ (NATO)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងលើកឡើងថា, ករណីប្រទេសអ៊ុយក្រែន ខ្ញុំធ្លាប់បានលើកឡើងថា នឹងមិនមានការផ្ទុះសង្រ្គាមទេ ព្រោះថារុស្ស៊ីបានដាក់សំណើរ៣ទៅអង្គការណាតូ (NATO)៖

១- មិនអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធមិត្តណាតូ ហើយមកដល់ពេលនេះ ប្រទេសអ៊ុយក្រែនមិនទាន់ក្លាយជាសមាជិកអង្គការណាតូ (NATO) នៅឡើយទេ។

២- រុស្ស៊ីបានស្នើដល់អង្គការណាតូ (NATO) កុំដាក់ខែលមីស៊ីលនៅលើទឹកដី អ៊ុយក្រែន។ 

៣- រុស្ស៊ីបានស្នើកុំឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីប្រទេសអ៊ុយក្រែន។ 

លោកបណ្ឌិតបន្តថា, សំណើរទាំង៣ចំណុចនេះ ទាំងសម្ព័ន្ធមិត្តអង្គការណាតូ និងរដ្ឋាភិបាលអ៊ុយក្រែនមិនទាន់ឆ្លើយតបថាយ៉ាងម៉េចទេ  ហើយមកដល់ពេលនេះ នៅលើទឹកដីអ៊ុយក្រែនគ្មានទេវត្តមានកងទ័ពបរទេស, គ្មានទេខែលមីស៊ីល ហើយសមាជិកភាពចូលណាតូរបស់អ៊ុយក្រែនក៏មិនទាន់មានចំលើយដែរ ប៉ុន្តែរុស្ស៊ីបែជាលើកទ័ពចូលទឹកដីអ៊ុយក្រែនទៅវិញ។

ដូចនេះ ការប្រើប្រាស់កំលាំងយោធាររបស់រុស្ស៊ី គឺជាការឈ្លានពានប្រទេសអ៊ុយក្រែន ព្រោះរុស្ស៊ីមិនបានប្រកាសជាមុន ហើយមកទល់ពេលនេះ ទាំងអង្គការណាតូនិងអ៊ុយក្រែន នៅមិនទាន់ប្រកាសសង្គ្រាមជាមួយរុស្ស៊ីនៅឡើយទេ អ៊ុយក្រែនត្រឹមប្រើប្រាស់កំលាំងទ័ពដើម្បីការពារខ្លួន ត្បិតបើធ្វើសង្គ្រាមគឺត្រូវប្រកាសជាមុន ហើយបើសហរដ្ឋអាម៉េរិកឬណាតូប្រកាសសង្គ្រាមជាមួយរុស្ស៊ីនោះ សង្គ្រាមលោកលើកទី៣ច្បាស់ជាកើតឡើងមិនខាន។

ទង្វើរបស់រុស្ស៊ីនាពេលនេះ គឺវាខុសច្បាប់អន្តរជាតិ។ 

ការចូលឈ្លានពានអ៊ុយក្រែននាពេលនេះ ទំនងជារុស្ស៊ីធ្វើការវាយប្រហារជាមុន មិនឱ្យជាន់ដានប្រវត្តិសាស្ត្រដែលរុស្ស៊ីរងការវាយប្រហារពីគេមុន ដូចជាសង្គ្រាមណាប៉ូឡេអុង,សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២?៕

ដោយ ៖ សិលា


ចែករំលែក៖