ភ្នំពេញ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ សុខសប្បាយជាទេ បងប្អូនជាទីគោរពស្រឡាញ់? “អរគុណសន្តិភាព” ជាពាក្យដែលខ្ញុំទន្ទេញជារៀងរាល់ថ្ងៃ។
លោក ដួង តារា បានថ្លែងបន្តថា ជាការពិត កម្ពុជាយើងមានសំណាងខ្លាំងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនិងវៃឆ្លាតបំផុតដែលបានរំដោះកម្ពុជារួចផុតពីសង្រ្គាមជាង៤០ឆ្នាំមកនេះ។
ជាការពិត មិនមែនជនជាតិស្បែកស ភ្នែកប្រាក់ មានសេដ្ឋកិច្ចល្អ ហេដ្ឋារចនាសម្ព័ន្ធជាតិរឹងមាំ… គឺសុទ្ធតែវៃឆ្លាតទាំងអស់ននោះឡើយ។ ដូចយើងកំពុងឃើញជាក់ស្តែងសង្រ្គាមនៅ អ៊ុយក្រែន នាពេលនេះ (ឆ្នាំ២០២២ទៅហើយ) គឺនឹងធ្វើអោយប្រជាពលរដ្ឋរាប់លាននាក់ទទួលរងគ្រោះបាត់បង់ផ្ទះសម្បែង បាត់បង់អាយុជីវិត យុវជនបាត់ឱកាសសិក្សា… យ៉ាងហោចណាស់ក៏ត្រូវការពេល១០ទៅ២០ឆ្នាំទៀត ដើម្បីកសាងប្រទេសជាតិឡើងវិញ។
លោករដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា៖ សង្រ្គាមគឺមានតែការវិនាសអន្តរាយទាំងអាយុជីវិតពលរដ្ឋនិងប្រទេសជាតិទាំងមូលតែប៉ុណ្ណោះ។ នេះហើយជាតម្លៃសន្តិភាព ដែលយើងគ្រប់គ្នាត្រូវតែថែរក្សាការពារអោយបានដាច់ខាត!
បន្ថែមពីនេះ លោក ដួង តារា បានសង្កត់ធ្ងន់ថា៖ ក្នុងពេលដែលមានឱកាសបម្រើសម្តេច ខ្ញុំបន្តខិតខំកសាងអំពើល្អដែលជាគ្រឹះនៃសន្តិភាពនិងការរីកចម្រើននៃប្រទេសជាតិពិតប្រាកដ៕
ដោយ៖ស តារា