ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី៤នៃខែកុម្ភៈ នៅទូទាំងប្រទេសទទួលបានទេសចរជាង១៦ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប១៦៥,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១៥៧,៤៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧,៦០៣នាក់។ នេះជាការបង្ហោះជាផ្លូវការ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ 

ក្រសួងទេសចរណ៍បានបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៣៤,៥២២នាក់

* ខេត្តពោធិ៍សាត់ ២៤,៥០២នាក់

* ខេត្តបាត់ដំបង ២៣,៥១០នាក់

* រាជធានីភ្នំពេញ ១៨,៧៣០នាក់

* ខេត្តកំពត ៨,២៥៤នាក់

* ខេត្តមណ្ឌលគិរី ៦,២៩៥នាក់

* ខេត្តកែប ៥,៤៩៥នាក់

* ខេត្តសៀមរាប ៤,៩៦៤នាក់។

ការបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតាមបណ្តារាជធានី-ខេត្តនានាបានជះឥទ្ធិពលដល់ការសម្រចចិត្តធ្វើដំណើររបស់ភ្ញៀវទេសចរ។ ជាកស្តែង តួលេខខាងលើមានការថយចុះប្រមាណ១៧.០៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ខណៈដែលចរន្តភ្ញៀវទេសចរពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមខេត្តបន្តថមថយខ្លះទៀត ការដើរកម្សាន្តក្នុងខេត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ក៏មានថមថយខ្លះដែរ ពិសេសគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប ព្រះសីហនុ និងកំពតជាដើម។

ទន្ទឹមនឹងនេះ ការគិតគូរអំពីការសន្សំប្រាក់ចំណូលមួយចំនួន ព្រមជាមួយការទុកពេលវេលាដើម្បីដើរកម្សាន្តពេលដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្ត ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក៏ជាកត្តាមួយពន្យល់អំពីការថមថយចរន្តភ្ញៀវទេសចរនារយៈពេល២សប្តាហ៍ចុងក្រោយនេះផងដែរ។

ក្រសួងទេសចរណ៍បញ្ជាក់ថា, ដោយឡែក ទោះបីចរន្តភ្ញៀវទេសចរមានការថមថយខ្លះ ប៉ុន្តែក្រសួងទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានបន្តខិតខំណែនាំអប់រំ និងជំរុញការអនុវត្តវិធានការបង្កាជំងឺកូវីដ-១៩ វិធានការណ៍៣កុំ និង៣ការពារ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍៕

ដោយ ៖ សិលា


ចែករំលែក៖