ព័ត៌មានទាន់ហេតុការណ៍៖

កំពុងអង្គុយផឹកខឹងគេតឿនទៅផ្ទះច្រេីនដងពេកផ្ទុះហិង្សាវាយឱ្យរបួសម្នាក់

ចែករំលែក៖

​ភ្នំពេញ ៖ បុរសមួយក្រុមដែលត្រឹមតែជាអ្នកស្គាល់គ្នាតាមរយៈរត់ឡំប្រឺតានិងម៉ូតូឌុបនៅកន្លែងតែមួយបាន​អង្គុយ​ផឹកស៊ីជុំគ្នា។

លុះ​នៅ​ពេល​​ស្រវឹងស្រឿងៗស្រាប់តែមាន​បុរស​ម្នាក់​ដែលប្រពន្ធ​មានកូន​ខ្ចី​ទូរស័ព្ទ​ហៅ​ឱ្យត្រឡប់​ទៅ​ផ្ទះ​​វិញ ពេលនោះ​ក៏​មានបុរសម្នាក់តឿន​ឱ្យទៅផ្ទះ២​ទៅ​៣​ដង ធ្វើ​ឱ្យ​បុរស​ម្នាក់​នោះ​ខឹង​ក៏​កើតជា​ហិង្សា​វាយ​បាក់​ម្រាមដៃ​ម្ខាង។ 

   ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាមបណ្តោយមហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

   បុរស​ដែល​ត្រូវ​គេ​វាយ​នេះ​ឈ្មោះ សុខ ពិសិដ្ឋ អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​ដែល​បង្ក​ហិង្សា​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ តែជា​ជាង​ជួសជុល​ឡំប្រឺតា ស្នាក់​នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុរូប​គាត់​និង​ជន​បង្ក​ព្រមទាំង​មិត្តភក្តិ​ផ្សេង​ទៀត​មាន​គ្នា​៤​នាក់បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ចិញ្ចើម​ផ្លូវទល់មុខ​ព្រ​លាន​យន្ត​ហោះ​និង​ដើម្បីរង់ចាំ​ម៉ូយ​ផង ។ ខណៈ​កំពុង​ផឹកស៊ី​នោះ គេឃើញ​បុរស​អ្នក​រត់​ឡំប្រឺតាម្នាក់​ស្រវឹង​ខ្លាំង​ជាងគេ ហើយ​ប្រពន្ធ​កូនខ្ចី​បានទូរស័ព្ទ​ហៅ​ជា​ច្រើន​ដង​ទៀតឱ្យទៅ​ផ្ទះ​។ពេលនោះគាត់បានប្រាប់អ្នករត់ឡំប្រឺតានោះឱ្យទៅផ្ទះទៅព្រោះ​ប្រពន្ធ​ទូរស័ព្ទ​មក​ច្រើន​ដង​ហើយ ។  ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ផ្ទុយ​ទៅ​វិញ​បែរជា​បុរស​នោះ​និយាយ​តប​មក​វិញ​ថា ម៉េចខ្ញុំ​អត់​មាន​លុយ​ទិញ​ស្រា​មែនបាន​បង​ឯង​ដេញ​ខ្ញុំ? ជា​មួយ​គ្នានេះ ប្អូនធម៌​របស់​បុរស​រត់​ឡំប្រឺតារូប​នេះដែល​កំពុង​ផឹក​ស៊ី​ជាមួយ​គ្នា ក៏​និយាយ​មក​កាន់​​គាត់​ដែរ​ថា ម៉េច​បាន​បង​ឯង​និយាយ​ដាក់​បង​ខ្ញុំ​អ៊ី​ចឹ​ង?  នៅ​ពេល​នោះ​ដែរ ស្រាប់តែ​មិត្តភក្តិ​របស់​បុរស​អ្នក​រត់​ឡំប្រឺតាម្នាក់​នោះបាន​យក​កៅអី​ដែល​កំពុង​អង្គុយ​មក​វាយ​រូប​គាត់ ហើយ​គាត់​យកដៃ​រង​ក៏​បណ្តាល​ឱ្យបាក់​មេដៃ​។មិន​ត្រឹមតែ​ប៉ុណ្ណោះ ជន​នោះ​បាន​យក​ទូរស័ព្ទ​របស់​គាត់​១​គ្រឿង​បោក​ចោលនិង​បាន​កាច់​មែកឈើ​ដេញ​វាយ​គាត់​រត់​ពេញ​ផ្លូវ បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

   ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ទៀត​ថា បុរស​អ្នក​រត់​ឡំប្រឺតាម្នាក់​ដែល​ជា​មិត្តភក្តិ​ជន​បង្ក​ហិង្សា ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ​ភ្លាម​ៗ តែ​ដោយ​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ។

ចំណែក​ជន​រង​គ្រោះបាន​ទៅ​ដាក់​ពាក្យបណ្ដឹងដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖