ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វចុះស្ទាក់ឃាត់រថយន្ត​ដឹក​សត្វ​ជ្រូក​រស់ដោយ​សង្ស័យ​ថានាំ​ចូល​ពី​ប្រទេស​វៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖  ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បានចុះស្ទាក់ឃាត់រថយន្ត​ដឹក​សត្វ​ជ្រូក​រស់ដោយ​មានការសង្ស័យ​នាំ​ចូល​ពី​ប្រទេស​វៀតណាម។

    ករណី​ចុះ​បង្ក្រាប​នេះធ្វើឡើង​នៅ​វេលា​ម៉ោង​១​និង​០២​នាទីរំលងអធ្រាត្រឈានចូលថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ត្រង់​ចំណុច​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក។

   លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម  រុក្ខា​ប្រ​មាញ់ និង​នេសាទ ខេត្តស្វាយរៀង បាន​ឱ្យដឹង​ថា ករណី​បង្ក្រាប​នេះគឺ​ស្ថិតក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បានចុះ​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង ម៉ាក Ssangyong Istana ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​១៥​កៅអី ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0318 ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១១៥​ក្បាល ដោយ​សង្ស័យ​នាំ​ចូល​ពី​ប្រទេស​វៀតណាមឆ្លង​ដែន​មក​កាន់​ប្រទេស​កម្ពុជាតាម​ច្រករបៀង​ដោយ​ខុសច្បាប់ បម្រុង​នឹង​យក​ទៅ​ចែកចាយ​នៅ​ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។

   ក្រោយ​ពី​ត្រួតពិនិត្យ​សាកសួរ​រួច​មក​លទ្ធផលគឺ​គ្មាន​ច្បាប់​អនុញ្ញាត​នាំ​ចូល​ឡើយ ដូច្នេះហើយទើបក្រុមការងារ​បាន​នាំ​យក​បទល្មើសនិង​វត្ថុ​តាង​សត្វ​ជ្រូក​រស់​ចំនួន​១១៥​ក្បាល​នោះទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

លោក​ប៉ែន ច​ន្ធី បាន​ឱ្យដឹង​ទៀត​ថា ជ្រូករ​ស់ទាំង​១១៥​ក្បាល​នេះ មន្ត្រី​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្ត​បាន​ធ្វើការ​បូម​ឈាម​យក​សំណាក​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ កាលពី​វេលា​ម៉ោង​៩​ព្រឹកថ្ងៃ​ទី​២៨ ខែកុម្ភៈ​ដើម្បី​ចូល​មន្ទីរពិសោធន៍​រក​រោគវិនិច្ឆ័យ ។

រហូតមកដល់ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០២២​នេះ មន្ទីរទទួលបានលទ្ធផល​ពី​ក្រសួង គឺលទ្ធផលអ​វិជ្ជមាន (​ជ្រូក​មិនមាន​ជំងឺនោះទេ) ជ្រូក​មាន​សុខភាព​ល្អធម្មតា។  ហេតុនេះខាងលោកត្រូវ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លេខ​១១៣  រួច​ប្រគល់​ជ្រូក​ឱ្យម្ចាស់​វិញ ។

   សូមបញ្ជាក់ថា ម្ចាស់​ជ្រូក​ត្រូវបានស្គាល់ឈ្មោះ សោម សា​រឿ​ន មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​ថ្នល់​ពាម ឃុំ​អង្គ​ប្រ​ស្រែ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ជា​អ្នក​ប្រកប​មុខរបរ​ជួញ​សត្វ​ជ្រូករ​ស់ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ជា​អ្នក​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង និង​ទៅ​រាជធានី​ភ្នំពេញ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖