ខេត្តស្វាយរៀង៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារចុះធ្វើជំរឿនសេដ្ឋកិច្ចនៅផ្សារវាលយន្តនិងតាមបណ្ដារក្រុងស្រុកក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២២។
លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀងបានឱ្យដឹងថាក្រសួងផែនការ បានសហការជាមួយគណៈកម្មាធិការជំរឿន សេដ្ឋកិច្ចខេត្តស្វាយរៀង រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ដោយមានការសម្របសម្រួល បច្ចេកទេសពីមន្ទីរផែនការខេត្ត នឹងដំណើរការសម្ភាសន៍អង្គភាពសេដ្ឋកិច្ច ចាប់ពីថ្ងៃទី០១ខែមីនា រហូត ដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២២។
លោកបន្តថាក្រុមការងារកម្លាំងសរុបចំនួន ១៥៩នាក់ ប្រតិបត្តិការធ្វើជំរឿន សេដ្ឋកិច្ចក្នុងភូមិទាំងអស់ ៦៩០ភូមិ នៃឃុំ-សង្កាត់ទាំង៨០ របស់ក្រុង-ស្រុកទាំង៨ នៅខេត្តស្វាយរៀង។
លោកបន្តថាជាលទ្ធផលថ្ងៃទី១នៃការធ្វើជំរឿនសេដ្ឋកិច្ចនៅខេត្តស្វាយរៀង៖
លទ្ធផលថ្ងៃទី០១ នៃការធ្វើជំរឿនសេដ្ឋកិច្ច នៅខេត្តស្វាយរៀង អនុវត្តបាន ១០,៨៧% នៃភូមិ/មណ្ឌលជំរឿន និងកត់ត្រាទិន្នន័យបាន ៤,០៣% នៃចំនួនអង្គភាពសេដ្ឋកិច្ចប៉ាន់ស្មានសរុប ២៣.៦១៣ នាល្ងាចថ្ងៃអង្គាទី០១ មីនា ២០២២។
លោកបន្តថាគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចខេត្តស្វាយរៀង មានក្តីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួម សហការអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានល្អប្រសើរ។
សេចក្ដីជូនដំណឹងស្តីពីគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចខេត្តស្វាយរៀង ពិតជាមានកិត្តិយសសូមជម្រាបជូន ដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជាម្ចាស់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ អង្គភាពផ្តល់ សេវាកម្មទាំងរដ្ឋ-ឯកជន ស្ថាប័នសាសនាទាំងអស់ ដែលកំពុងប្រកបអាជីវកម្ម និងប្រតិបត្តិការនៅ ក្នុងខេត្តស្វាយរៀង ឱ្យបានជ្រាបថា៖ ក្រសួងផែនការ បានសហការជាមួយគណៈកម្មាធិការជំរឿន សេដ្ឋកិច្ចខេត្តស្វាយរៀង រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ដោយមានការសម្របសម្រួល បច្ចេកទេសពីមន្ទីរផែនការខេត្ត នឹងដំណើរការសម្ភាសន៍អង្គភាពសេដ្ឋកិច្ច ចាប់ពីថ្ងៃទី០១ខែមីនា រហូត ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានវិសាលភាពគ្របដណ្តប់លើអង្គភាពសេដ្ឋកិច្ច(សហគ្រាស អាជីវកម្ម ឬហៅថា “ESTABLISHMENT”) មានជាអាទិ៍៖ សហគ្រាសគ្រប់ប្រភេទ ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ ស្ថាប័នសាសនា និង អង្គភាពផ្តល់សេវាកម្មផ្សេងៗទាំងអស់ លើកលែងតែអង្គភាពកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គទូត និងអង្គភាពប្រហាក់ប្រហែល។
ក្នុងអំឡុងពេលនៃការធ្វើជំរឿនសេដ្ឋកិច្ច គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចខេត្តស្វាយរៀង នឹងចាត់បញ្ជូនមន្ត្រីជំរឿន ទៅជួបសម្ភាសន៍ផ្ទាល់ជាមួយ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ ឬប្រធាន និង/ឬតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ ស្ថាប័នសាសនា និងអង្គភាពផ្តល់សេវាកម្មផ្សេងៗគ្រប់ប្រភេទ ដោយប្រើប្រាស់បញ្ជីសំណួរដែលបានផ្ដល់ដោយ ក្រសួងផែនការ ៕
ដោយ៖យឹម សុថាន