ភ្នំពេញ ៖ ការដ្ឋានសំណង់ដ៏ធំជាប់សាលាខណ្ឌទួលគោក មិនត្រឹមតែយកផ្លូវសាធារណៈ ស្ទើរទាំងស្រុងទេ ក៏អាចនឹងបង្កហានិភ័យខ្ពស់ដល់អ្នកដំណើរ ចំពោះការសាងសង់ គ្មានរៀបចំស្តង់ដារហ៊ុំព័ទ្ធការដ្ឋានអោយបានត្រឹមត្រូវនោះ ! ខណៈហ៊ុំព័ទ្ធការដ្ឋានដែរ តែការលើកដែក ថ្ម ខ្សាច់ មើលទៅច្រង៉េងច្រង៉ាង ដែកចេញមកចំកណ្តាលៗថ្នល់ នេះអាចចាត់ទុកជាហានិភ័យខ្ពង់ផងដែរដល់អ្នកដំណើរ ឬបុគ្គលិក កម្មករ ។
សូមបញ្ជាក់ថា, ការដ្ឋានសំណង់អគារដ៏ធំមួយកន្លែងស្ថិតនៅ ទីតាំងលើផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ជាប់នឹងសាលាខណ្ឌទួលគោក តែម្តង បានយកផ្លូវសាធារណៈជាងពាក់កណ្តាល ធ្វើជាកន្លែងចាក់បេតុង បង្កផលលំបាកដល់អ្នកដំណើរ , ការហ៊ុំព័ទ្ធការដ្ឋានមិនត្រឹមត្រូវតាមលិខិតអនុញ្ញាត , យកផ្លូវសាធារណៈ ដាក់ថ្ម ខ្សាច់ ដែក គ្មានសណ្តាប់ធ្នាប់, ខ្សែរ៉តយោងសម្រាប់លើកដែក ថ្ម ខ្សាច់ ដាក់ចំពីលើផ្លូវសាធារណៈ អាចបង្កហានិភ័យខ្ពស់បំផុត គ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ប្រសិនបើ ជ្រុះធ្លាក់ដែក ថ្ម ឬដាច់ នេះជាដើម។
បើតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា, សំណង់នេះសង់កម្ពស់ ២៨ជាន់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែគ្រាន់តែការសាងសង់ គឺយកផ្លូវសាធារណៈស្ទើរទាំងស្រុងសម្រាប់ជាទីតាំងដំណើរការរបស់ខ្លួន ប៉ះពាល់ផលប្រយោជន៍សាធារណៈរួមរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមិនបានគិតគូរសោះ ។
ប្រជាពលរដ្ឋបានលើកឡើងថា, ការដ្ឋាននេះនៅមិនឆ្ងាយពីសាលាខណ្ឌទេ គឺជាប់សាលាខណ្ឌតែម្តង គួរណាស់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសលោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មេត្តាជួយពិនិត្យរៀបចំសណ្តាប់ធ្នាប់អោយបានត្រឹមត្រូវផង។
សូមជម្រាបជូនថា, កន្លងមកការដ្ឋានសាងសង់ ដែលគ្មានការហ៊ុំព័ទ្ធការដ្ឋានអោយបានត្រឹមត្រូវ ការយកផ្លូវសាធារណៈ ជាកន្លែងដាក់សំភារៈបម្រើអោយការងារសំណង់ គឺលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បញ្ជាអោយផ្អាក ដើម្បីអនុវត្តអោយបានត្រឹមត្រូវតាមលិខិតអនុញ្ញាត។ ដោយឡែកសំណង់ខាងលើនេះ តើអភិបាលខណ្ឌទួលគោក លោក ជា ពិសី ទើបមកកាន់តំណែងថ្មី មានវិធានការដែរ ឬមួយយ៉ាងណា ?
ពាក់ព័ន្ធករណីសំណង់ខាងលើយកផ្លូវសាធារណៈធ្វើជាកន្លែងដាក់ដែក ថ្ម ខ្សាច់ ដាក់ឡានចាក់បេតុង ដោយគ្មានសណ្តាប់ធ្នាប់នោះ កន្លងទៅលោក ភក្ត្រា ជាមេការសំណង់ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, លោកទទួលស្គាល់លើបញ្ហានេះមែន តែចំពោះការរៀបចំអោយបានល្អ ឬបញ្ចៀសការប៉ះពាល់ផ្លូវសាធារណៈ លោកអះអាងថា ចាំលោកសួរមេធំរបស់គាត់សិន ។
ដោយឡែក លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មិនអាចធ្វើការទំនាក់ទំនងបាន ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ជាញឹកញាប់។
ប្រភពគួរអោយជឿទឹកចិត្តបានបង្ហើបថា, សំណង់ធំៗ មានច្បាប់ ឬអត់ច្បាប់ ពាក់កណ្តាលច្បាប់ មានតែមនុស្ស២នាក់ទេក្នុងសាលាខណ្ឌទួលគោក ហ៊ានចេញមុខកាប់ដាវ ទី១-លោក ទៀវ សំអឿន អភិបាលរងខណ្ឌ, ទី២-លោក បុត សុភា នាយករងរដ្ឋបាលសាលាខណ្ឌ ឬកធំជាងលោកអភិបាលខណ្ឌទៅទៀត។ លេចធ្លាយថា, កន្លងទៅអ្នកទាំង២ ត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីបន្ទោសរួចហើយរឿងសំណង់អត់ច្បាប់ តែគឃ្លើនដដែល ដូច្នេះសូមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ពិចារណាផង តើលោកទាំង២ធ្វើតាមលោក ឬមានគំនិតទាញផលប្រយោជន៍ ? ដូចជាសំណង់ជាប់សាលាខណ្ឌស្រាប់ តើលោកអភិបាលនៃគណៈអភិបាល ខណ្ឌយល់ឃើញបែបណា? តាមស្តង់ដារបច្ចេកទេស ទេ ? និយាយរួមមានតែខាងជំនាញពីមន្ទីរ-ក្រសួងរៀបចំដែនដី និងខាងសំណង់ក្រុងចុះមកពិនិត្យផង តើម្ចាស់សំណង់គាត់ធ្វេសប្រហែសដល់កម្រិតណា ៕
ដោយ៖ សិលា