ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងអ៊ុយក្រែននឹងពិភាក្សាគ្នាលើកទីពីរនៅព្រំដែនប៉ូឡូញនិងបេឡារូស

ចែករំលែក៖

កិច្ចពិភាក្សាជុំទីពីរដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនានេះ ស្ថិតនៅតំបន់ជិតព្រំដែនប្រទេស ប៉ូឡូញ និងបេឡារូស ។ កន្លងមកភាគីទាំងពីរបានពិភាក្សាគ្នានៅព្រំដែនប្រទេសបេឡារូស។
សារព័ត៌មានTASS របស់រុស្ស៊ីបានផ្សាយថា តាមប្រភពព័ត៌មានពី មន្ត្រីរុស្ស៊ី កិច្ចពិភាក្សាលើកទីពីរគឺបន្តពិភាក្សាទៅលើអ្វីដែលបានជួបពិភាក្សាលើកទីមួយកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានផ្សាយថា គណៈប្រតិភូប្រទេសទាំងពីរបានសម្រេចបើកកិច្ចពិភាក្សាលើកទីពីរនៅថ្ងៃទី២ ខែមីនា នៅប្រទេសប៉ូឡូញជិតព្រំដែនប្រទេសបេឡារូស។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា រុស្ស៊ីនឹងស្នើដល់ប្រទេសអ៊ុយក្រែនទទួលស្គាល់តំបន់ឯករាជ្យនៅភាគខាងកើត ។ ចំណែកភាគីអ៊ុយក្រែនបានស្នើដលរុស្ស៊ីដកទាហានទាំងអស់ចេញពីទឹកដីអ៊ុយក្រែន។
នៅក្នុងកិច្ចពិភាក្សាគ្នារយៈពេល ៥ម៉ោងនៅថ្ងៃទី២៨ ខែកុម្ភៈ ភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងណាមួយនោះឡើយ ប៉ុន្តែក៏បានសន្យាបន្តកិច្ចពិភាក្សាលើកទីពីរ និងពិភាក្សាជាបន្តបន្ទាប់ទៀត ។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលកម្លាំងទាហានរុស្ស៊ីបង្កើនសកម្មភាពវាយប្រហារគ្រប់គ្រងទីក្រុងសំខាន់ៗរបស់អ៊ុយក្រែននាថ្ងៃទី១ ខែមីនា ដោយដណ្តើមបានសិទ្ធិគ្រប់គ្រងទីក្រុង Kherson និងឡោមព័ទ្ធទីក្រុង Mariupol របស់អ៊ុយក្រែន៕ ដោយ៖ធីរីណា

រូបថត៖ngaynay.vn


ចែករំលែក៖