នេះជាសកម្មភាពដែលធ្វើឱ្យភាគីរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនាថ្ងៃទី ១ខែមីនា មន្ត្រីការបរទេសមកពីបណ្តាប្រទេសលោកខាងលិចរាប់សិបនាក់បាននាំគ្នាដើរចេញពីកិច្ចប្រជុំក្នុងពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ចាប់ផ្តើមថ្លែងសុន្ទរកថា។
លោក Sergey Lavrov បានថ្លែងសុន្ទរកថាតាមអនឡាញ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេស
ស្វុីស ទៅកាន់បណ្តារដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប អាមេរិក និងអង់គ្លេស។ ប៉ុន្តែមន្ត្រីការបរទេសប្រទេសលោកខាងលិច បាននាំគ្នាក្រោកឈរឡើងហើយដើរចេញពីសាលប្រជុំដើម្បីប្រឆាំងសង្គ្រាមវាយប្រហារពីរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Yevheniia Filipenko ស្ថិតនៅក្នុងចំណោមមន្ត្រីដែលបានចាកចេញពីកិច្ចប្រជុំ ធ្វើឱ្យបន្ទប់ប្រជុំដូចជាគ្មានអ្នកណានៅស្តាប់សោះពេលភាគីរុស្ស៊ីថ្លែងសុន្ទរកថា ។ មន្ត្រីការបរទេសបណ្តាប្រទេសលោកខាងលិចបានចេញទៅឈរនៅក្រោមទង់ជាតិអ៊ុយក្រែនហើយ ទះដៃអបអរសាទរ។ នៅក្នុងសាលប្រជុំនៅមានតែមន្ត្រីការទូតប្រទេស យេម៉ែន ស៊ីរី វេណេហ្ស៊ុយអេឡា ទុយនេស៊ី …។
នៅក្នុងសុន្ទរកថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងដល់សហគមន៍អឺរ៉ុបដែលចូលរួមធ្វើសកម្មភាពរួមគ្នាប្រឆាំងរុស្ស៊ី៕ ដោយ៖ ធីរីណា
រូបថត៖Reuters