សហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបUEFA បានព្យួរក្រុមជម្រើសជាតិ និងក្លិបនានារបស់ប្រទេសរុស្ស៊ីពីការប្រកួតបាល់ទាត់អន្តរជាតិរហូតដល់មានការជូនដំណឹងបន្ថែមដោយសារតែការលុកលុយរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន។
ការផ្លាស់ប្តូរនេះអាចធ្វើឱ្យប្រទេសរុស្ស៊ីនឹងត្រូវបានដកចេញពីការប្រកួត World Cup ឆ្នាំនេះ និងការប្រកួត Euro 2022 របស់ស្ត្រីឆ្នាំនេះដែរ។
UEFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ FIFA និង UEFA បានសម្រេចចិត្តរួមគ្នាថា ក្រុមរុស្ស៊ីទាំងអស់ មិនថាក្រុមតំណាងជាតិ ឬក្រុមក្លិបនឹងត្រូវផ្អាកពីការចូលរួមក្នុងការប្រកួតទាំង FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែម”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការសម្រេចចិត្តទាំងនេះត្រូវបានអនុម័តនៅថ្ងៃនេះដោយការិយាល័យក្រុមប្រឹក្សា FIFA និងគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ស្ថាប័នបានធ្វើសេចក្តីសម្រេច ទាំង២លើបញ្ហាបន្ទាន់បែបនេះ ។
រុស្សីត្រូវបានកំណត់ពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមប៉ូឡូញក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃទី២៤ ខែមីនា ហើយប្រសិនបើពួកគេនៅតែផ្អាកនៅពេលនោះ ពួកគេនឹងចេញពី World Cup ហើយមិនអាចឈានទៅកក់កៅអីនៅប្រទេសកាតាក្នុងខែវិច្ឆិកាខាងមុខបានទេ។
សហព័ន្ធប៉ូឡូញ FA បានឲ្យដឹងដែរថា ពួកគេនឹងបដិសេធមិនលេងជាមួយក្រុមរុស្ស៊ី ហើយសាធារណរដ្ឋឆេក និងស៊ុយអែត ដែលស្ថិតក្នុងការប្រកួតដូចគ្នានោះ ក៏បដិសេធមិនជួបជាមួយរុស្ស៊ីដែរ។ មធ្យោបាយតែមួយគត់ដែលរុស្សីនៅតែអាចចូលលេងក្នុងវគ្គ Playoff នឹងជាការប្រសើរឡើងភ្លាមៗនៃស្ថានភាពនៅអ៊ុយក្រែនដែលនាំទៅដល់ការដកការព្យួរនេះ។
UEFA បានបន្ថែមទៀតថា ស្ថាប័នបាល់ទាត់សង្ឃឹមថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ និងយ៉ាងឆាប់រហ័សដើម្បីឱ្យបាល់ទាត់អាចក្លាយជាកត្តាសម្រាប់សាមគ្គីភាពនិងសន្តិភាពក្នុងចំណោមប្រជាជនម្តងទៀត។ ការសម្រេចចិត្តបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅពេលក្រោយអំពីផលប៉ះពាល់លើការប្រកួត Euro 2022 របស់ស្ត្រីនៅប្រទេសអង់គ្លេសក្នុងខែកក្កដាដែលរុស្ស៊ីមានសិទ្ធិដែរ។
កាលពីព្រឹកថ្ងៃអង្គារ គណៈកម្មាធិការប្រតិបត្តិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាឱ្យហាមឃាត់អត្តពលិក និងមន្ត្រីរុស្ស៊ីពីការប្រកួតក្នុងព្រឹត្តិការណ៍នានា។
FIFA ត្រូវបានគេរិះគន់កាលពីថ្ងៃអាទិត្យបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ថា រុស្ស៊ីអាចបន្តការប្រកួតទោះបីជានៅក្នុងកន្លែងអព្យាក្រឹតនិងក្រោមឈ្មោះថា “សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី”។ ទោះបីជា FIFA បានព្រមានប្រទេសនេះអាចត្រូវបានដកចេញពីការប្រកួត ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែនមិនប្រសើរឡើងក៏ដោយ សេចក្តីថ្លែងការណ៍នេះត្រូវបានរិះគន់យ៉ាងទូលំទូលាយជាមួយ FA ប៉ូឡូញដែលនិយាយថា ជំហរនេះគឺ “មិនអាចទទួលយកបានទាំងស្រុង” ។
សមាគមកីឡាបាល់ទាត់របស់អង់គ្លេសក៏បានប្រកាសនៅពេលនោះថាពួកគេនឹងមិនប្រកួតជាមួយរុស្ស៊ីដែលជាទិដ្ឋភាពដែលត្រូវបានគាំទ្រដោយសហព័ន្ធអឺរ៉ុបមួយចំនួន។
សូមបញ្ជាក់ថា ប្រទេសរុស្សីបានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ចុងក្រោយកាលពីឆ្នាំ២០១៨ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅទីក្រុងមូស្គូ និងមានការចូលរួមដោយប្រធានាធិបតី Vladimir Putin។រុស្ស៊ីហៅសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថា ជា “ប្រតិបត្តិការពិសេស” ដែលខ្លួននិយាយថា មិនត្រូវបានបង្កើតឡើងដើម្បីកាន់កាប់ទឹកដី ប៉ុន្តែដើម្បីបំផ្លាញសមត្ថភាពយោធារបស់ប្រទេសជិតខាងខាងត្បូងរបស់ខ្លួន និងចាប់យកអ្វីដែលខ្លួនចាត់ទុកថាជាអ្នកជាតិនិយមដ៏គ្រោះថ្នាក់៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)