ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តខ្នាតយក្សប្រភេទV1 ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាប ខណ:ដឹកដំឡូងមីបែរជាលួចបង្កប់ឈើល្មើសច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ខណៈដែលតម្លៃដំឡូងមីកំពុងហក់ឡើងខ្ពស់គួរជាទីគាប់ប្រសើរដល់ប្រជាកសិករដែលប្រកបរបរកសិកម្មដាំដំឡូងមីនោះ បែរជាឈ្មួញកណ្តាលដឹកដំឡូងមីលួចបង្កប់ឈើល្មើសច្បាប់ពីក្រោមធ្វើឱ្យបែកធ្លាយដល់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចុះមកស្ទាក់ឃាត់និងបង្ក្រាបបាននៅវេលាម៉ោង៨ៈ០០នាទី ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចគោលដៅ ចរាចរណ៍អូរច្រឡង់ ស្ថិតក្នុងភូមិអូរច្រឡង់ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

   ក្រោយការឆ្មក់បង្ក្រាបរថយន្តប្រភេទ V1 ដឹកដំឡូងមីក្រៀមលួចបង្កប់ឈើល្មើសច្បាប់នេះ គឺមានការរារាំងពីនគរបាលជំនាញមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានយើងចុះថតដោយចំហឡើយ ហាក់ដូចជាមានការបិទបាំងឬមានអាថ៌កំបាំងអ្វីមួយ ខណៈដែលអ្នកសារព័ត៌មានយើងបានប្រទះឃើញនៅលើផ្លូវជាតិលេខ៧ អាស៊ានត្រង់ចំណុចជាប់ព្រំប្រទល់ទឹកដីខេត្តក្រចេះ ក្នុងបំណងជួយផ្សព្វផ្សាយនូវស្នាដៃរបស់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលបានអនុវត្តតួនាទីរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសនោះ បែរជាមន្ត្រីនគរបាលខាងលើនោះហាមឃាត់មិនឱ្យអ្នកសារព័ត៌មានយើងថតផ្តិតរូបភាពឡើយ ហើយថែមទាំងគំរាមថា «មិនឲ្យថតទេ តើមានការអនុញ្ញាតអត់អ្នកកាសែត? បើអត់សមត្ថកិច្ចក៏អាចវាយខ្នោះបានដែរ»។ នេះបើតាមការបញ្ជាក់របស់អ្នកសារព័ត៌មានម្នាក់ដែលបានចុះដល់កន្លែងកើតហេតុហើយថតផ្តិតយករូបភាពភ្លាមៗ ខណៈដែលសមត្ថកិច្ចកំពុងបំពេញការងារ។

   ពាក់ព័ន្ធនឹងករណីឃាត់រថយន្តខ្នាតយក្សប្រភេទ(V1)ដឹកដំឡូងមីបង្កប់ឈើខាងលើ លោកឧត្តមសេនីយ៍ត្រីសាន់ និមល ស្នងការរងនគរបាលខេត្តស្ទឹងត្រែង អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយលោកថាជាប់រវល់បន្តិច ចាំរួចដៃលោកនឹងខលទៅវិញ។ ភ្នាក់ងារសារព័ត៌មានយើងបានរង់ចាំរយ:ពេលយ៉ាងយូរមិនបានឃើញលោកស្នងការរង ទូរស័ព្ទត្រឡប់មកវិញដូចការសន្យារបស់លោកឡើយ ដើម្បីបញ្ជាក់ពីករណីនេះ និងដឹងចំនួនពិតនៃចំនួនឈើដែលឈ្មួញលួចបង្កប់ក្នុងដំឡូងនោះ។ 

   គួររំលឹកថា: ករណីការបង្ក្រាបរថយន្តដឹងដំឡូងមីលួចបង្កប់បទល្មើសផលអនុផលធនធានធម្មជាតិព្រៃឈើខាងលើនេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ពុំសូវបានសហការបង្ក្រាបឬរាយការណ៍ និងធ្វើការផ្ទេរប្រគល់ទៅឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធីរបស់ជំនាញនោះទេ។ ក្រោយការបង្ក្រាបនោះ ភាគច្រើនបទល្មើសទាំងនេះឲ្យតែខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាប នឹងត្រូវរក្សាទុកទាំងឈើទាំងរថយន្តដែលបម្រើឱ្យបទល្មើសនេះនៅស្នងការដ្ឋាននគរបាលខេត្តតែម្តង។ ខ្លះក៏មានការដោះលែងស្ងាត់ៗក៏មាន ដូចករណីបង្ក្រាបរថយន្តខ្នាតយក្សដឹកដំឡូងមីកន្លងមក ហើយយើងក៏មិនដឹងថាមានអ្វីទេក្នុងរថយន្តដែលសមត្ថកិច្ចនាំយកមកចូលស្នងការដ្ឋាននគបាលខេត្តនោះដែរ តែមិនបានប៉ុន្មានផងក៏ដោះលែងបាត់ទៅវិញ ដោយមិនបានសហការជាមួយមន្ត្រីជំនាញឡើយ។ 

  ការទន្ទឹងរង់ចាំមើលការផ្តល់ព័ត៌មាន ឬសហការណាមួយពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមកជំនាញរដ្ឋបាលព្រៃឈើដើម្បីទៅទទួលយកមករក្សាទុកដើម្បីបន្តនីតិវិធីនៅខណ្ឌរដ្ឋបាលព្រៃឈើនោះក៏មិនឃើញមាមដែរ។ 

   ជុំវិញការបង្ក្រាបរថយន្តខ្នាតយក្ស ប្រភេទ(V1)ក្បាលពណ៌ស ពាក់ស្លាកលេខក្រហមចង្គូតស្តាំPP-0835 ចំណែកកន្ទុយរុឺម៉កពណ៌ខៀវស ពាក់ស្លាកលេខព្រៃវែង4A-0033 ដឹកដំឡូងមីក្រៀមបង្កប់ឈើល្មើសច្បាប់ខាងលើនេះ លោកសុខ ស៉ីដា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តបានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដដែលនេះថា: កន្លងមកជួនកាលខាងប៉ូលិសរាយការណ៍មកឱ្យជំនាញរដ្ឋបាលព្រៃឈើយើងទៅទទួលនូវបទល្មើសដែលបង្ក្រាបបានម្តងម្កាលដែរ តែឥឡូវហាក់បីដូចជាមិនសូវបានដឹងទេ ហើយលើកនេះលោកថារង់ចាំមើលតើខាងនគរបាលគាត់មានការសហការ និងផ្ទេរប្រគល់មកឱ្យជំនាញរដ្ឋបាលព្រៃឈើយើងដែរឬទេ បើអត់នេះជាសិទ្ធិរបស់គាត់ព្រោះគេក៏ជាអង្គភាពមួយដែរ លោកក៏អត់ដឹងដែររឿងនីតិវិធីរបស់សមត្ថកិច្ចនគរបាល៕

ដោយ៖ មាស សុផាត


ចែករំលែក៖