ខេត្តតាកែវ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅព្រឹកថ្ងៃពុធទី០២ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. បានបន្តការចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលដាក់ចរាចរលក់នៅលើទីផ្សារ។ ក្នុងគោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។
ជាក់ស្ដែងសាខា ក.ប.ប. ខេត្តតាកែវ កាលពីវេលាម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានសហការជាមួយកងកម្លាំងប៉ូលិសចរាចរ ប្រចាំគោលដៅ នៃអធិការដ្ឋានស្រុកត្រាំកក់ អមដំណើរដោយរថយន្តមន្ទីរពិសោធចល័តផ្នែកម្ហូបអាហារ បានបន្តបេសកកម្មការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយធ្វើការត្រួតពិនិត្យទៅលើរថយន្តឈ្នួលដឹកទំនិញជាប្រភេទគ្រឿងសមុទ្រស្រស់ សង្ស័យអាចមានចាក់សារធាតុចាហួយ (CMC) និងផ្ទុកវត្តមានសារធាតុគីមីហាមឃាត់នានា។
ក្រោយយកមកពិសោធ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញពុំបានរកឃើញមានការចាក់សារធាតុចាហួយ (CMC) នោះទេ ជាងនេះទៅទៀតគឺមានឯកសារបញ្ជាក់ត្រឹមត្រូវ និងមានការរៀបចំទុកដាក់ទំនិញប្រកបដោយស្តង់ដា៕
ដោយ៖ស តារា