ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះគេលួចយកទូរស័ព្ទ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី នៅចំណុចក្រុម០៥ ភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកពូថៅនិងកាំបិតកាប់វាយផ្ដាច់សោបន្ទប់ផ្ទះរបស់ជនរងគ្រោះឈ្មោះថុន ថៃ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ លួចយកទូរស័ព្ទម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿង។
ក្រោយពេលទទួលពាក្យបណ្ដឹងផ្ទាល់មាត់រួច កម្លាំងអធិការដ្ឋានបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះខា សុផាន់ណាត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
លុះមកដល់ថ្ងៃទី០២ ខែមីនាឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីសមត្ថកិច្ចបានដកហូតទូរស័ព្ទជនរងគ្រោះមកវិញ ព្រមទាំងបានដកហូតម៉ូតូមួយគ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា