ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ដឹកនាំដោយលោក Jean LESCURE ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួង។
ជំនួបពិភាក្សាការងារនេះ ផ្តោតជាសំខាន់លើការជំរុញផែនការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ដូចជាដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងជាមួយនឹងក្រុមហ៊ុនទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) សំដៅជំរុញការ ប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់យានយន្ត EVs រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រុមហ៊ុនវិនិយោគឯកជន ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈនានាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី និងការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត Evs ផងដែរ៕
ដោយ៖សហការី