ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចផ្តន្ទាទោសលើជនជាប់ចោទ២នាក់ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំពីបទជួញដូគ្រឿងញៀន

ចែករំលែក៖

      ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សា បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ២នាក់ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់៥០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត១គីឡូក្រាម ហើយសាលក្រមនេះដែរក៏បានទុកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង  ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួន ជនសង្ស័យ០២នាក់គឺទី១-ឈ្មោះ ឈន មករា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៦E ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ តែម ជីមី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបន្ទប់ជួលគ្មានលេខ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងការបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាង:  ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ចំនួន១០កញ្ចប់ ៩៩៩.៩៥ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង, ទូរស័ព្ទ០៤គ្រឿង និងសម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួន ៕

ដោយ៖ ភារ៉ា


ចែករំលែក៖