ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់បុគ្គលិកអង្គការចិត្តសង្គម(PTO)ជាច្រើនពូថៅ(ស្លាប់)ដោយទោសសម្ដីគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់លោក អធិការស្រុកសង្កែបានឲ្យដឹងថា÷កាលពីថ្ងៃ​ ព្រហស្បតិ៍​ ១កេីត​ខែ​ ផល្គុនឆ្នាំឆ្លូវត្រីស័​ក​​ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០៣ ខែមីនាឆ្នាំ​២០​២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម​១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន(​កាប់ដោយពូថៅ)មួយបានកើតឡើង​ដែល​ករ​ណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់​ដំ​បង បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះឡៅ លុន ភេទប្រុស អាយុ ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ភូមិបែកចានថ្មីសង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះស្លាប់នៅកន្លែងតែម្តង។ 

ភ្លាមៗបន្ទាប់ពីកេីតហេតុនេះ​ តាមបទបញ្ជារបស់លោក សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោក លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ លោក ស៊ុន​ សុវណ្ណ​ អធិការនគរ​បាល​ស្រុកសង្កែ​ បានដឹកនាំធ្វេីការបង្រ្កាបដោយឃាត់ខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាន​នគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ។ 

លោកស៊ុន​ សុវណ្ណ​ អធិការនគរ​បាលស្រុកសង្កែ​បានឱ្យដឹងថា​ មូលហេតុដែលឈានដល់ករណីឃាតកម្មនេះ​ គឺកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះឈ្មោះ​ ឡៅ​ លុន​ ដែលជាបុគ្គលិករបស់អង្គការចិត្តសង្គម​ អន្តរវប្បធម៌​ កម្មវិធីសុខភាពផ្លូវចិត្ត​ PTO​បានអញ្ចេីញទៅជួបជន​សង័្សយនេះម្តងមកហេីយ​ ដេីម្បីសុំឱ្យគាត់ជាឪ​ពុកអនុញ្ញាតឱ្យកូនស្រីបង្កេីតរបស់គាត់បានទៅ​សិក្សារៀនសូត្រក្នុងអង្គការ​ ត្បិតជនសង័្សយ​ នេះ​គាត់មានកូនស្រីមួយអាយុប្រមាណ០៧ឆ្នាំហេីយ​ តែគាត់មិនព្រមឱ្យកូនស្រីនេះចូលរៀនសូត្រដូចឪពុក​ ម្តាយដទៃទេ​ ហេីយការជួបស្នេីសុំនេះ​មិនទទួលបានលទ្ធផលនោះទេ។ 

នៅថ្ងៃកេីតហេតុជនរងគ្រោះបានទៅម្តងទៀត​ តែគាត់ទៅតែម្នាក់ឯងទេ​ លុះនិយាយដល់រឿង​ សុំឱ្យជនសង័្សយជាឪពុកអនុញ្ញាតឱ្យកូនទៅរៀ​ន​ សូត្រនៅកន្លែងអង្គការក៏ស្រាប់តែជនសង័្សយ​ ទាញពូថៅ​ ដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅក្នុងបរិវេណផ្ទះនៅជិតរងស្ពៃនោះតែម្តង។ 

លោកអធិការបន្តថា÷ជនសង័្សយមានមុខរបរដេីរ​ស៊ីឈ្នួលកាប់ស្មៅចម្ការឱ្យគេដេីម្បីចិញ្ចឹមជីវិត​ មានកូនស្រីតូចមួយនៅក្នុងបន្ទុក​ ហេីយប្រពន្ធ​ បានលែងលះគ្នាក្នុងរយៈពេលកន្លងមកហេីយ។ 

តាមប្រភពពីមហាជនបានប្រាប់សមត្ថកិច្ចថា÷ជនសង័្សយរូបនេះ គាត់ជាមនុស្សមានសតិមិនល្អ​ ហេីយពេលសាកសួរពីមូលហេតុ​ដែលឈានដល់ការប្រព្រឹត្តបែបនេះ​ ជនសង័្សយ​​និយាយថា​ ជនរងគ្រោះមកនិយាយឱ្យគាត់ព្រមប្រគល់កូនស្រីគាត់ឱ្យទៅរៀននៅអង្គការ​ ដែលគាត់យល់ថា​ នេះជាល្បិចចង់នាំយក​កូនស្រីគាត់​ចាកចេញពីគាត់​ទេីបគាត់ប្រព្រឹត្ត​បែបនេះទៅ​លេី​ជនរងគ្រោះ។ 

ក្រោយមកសមត្ថកិច្ចនគរបាលបានរៀបចំក​សាងសំណុំរឿងបញ្ជូនជនសង័្សយរួមនឹងវត្ថុតាងមានពូថៅដងឈេីជាមធ្យោបាយ​ មកកាន់ការិ​យា​ល័យជំនាញអនុវត្តតាមផ្លូវច្បាប់​ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ​ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី​ ក្រោយពេលពិនិត្យធ្វេីកោសល្យវិច័យរួច៕

ដោយ៖ស សារ៉េត


ចែករំលែក៖