ភ្នំពេញ ៖ រថយន្ដ Lexus RX400h មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនមកដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុលទៅបុកដើមឈើមួយដើមនៅជាប់នឹងរបងរោងចក្រមួយកន្លែងបណ្តាលឱ្យបាក់រាបដល់ដី ឯរថយន្តកល់ពីលើដើមឈើទៅមុខលែងរួច។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខរោងចក្រមួយកន្លែងតាមបណ្ដោយផ្លូវលេខ៣៧១(សឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-7966 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ (សឡា) ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ចំណុចផ្លូវកោងបានបត់ស្ដាំដៃទៅទិសខាងលិចតែបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកដើមឈើមួយដើមនៅជាប់នឹងរបងរោងចក្របាក់រាបដល់ដី ឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំកល់លើដើមឈើជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុឃេីញមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋក៏បានឱ្យភាគីរថយន្តបង្កធ្វើការសម្រុះសម្រួលជាមួយខាងម្ចាស់រោងចក្រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ដោយ ៖ ភារ៉ា ដង្កោ