ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកជំនួសវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពងាយស្រួលក្នុងការគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម។
លោកករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងបែបនេះ នាឱកាសដែល លោករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការដាក់ឱ្យប្រើប្រាស់ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម” ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ លោកអគ្គនាយក លោកស្រីអគ្គាធិការ លោកប្រធាននាយកដ្ឋាន និងលោក លោកស្រី ដែលជាមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងការកោតសសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្មទាំងអស់ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ដែលបានសហការគ្នាយ៉ាងល្អក្នុងការបំពេញកិច្ចការងាររហូតសម្រេចបានសមិទ្ធផលជាផ្លែផ្កាដូចពេលនេះ។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យឌីជីថល ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវមជ្ឈមណ្ឌលទិន្ន័យថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ប្រពន្ធ័ស្វ័យប្រវត្តកម្ម (Online Service) របស់ក្រសួងពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ ដែលប្រព័ន្ធទាំងនេះកំពុងមានការប្រើប្រាស់យ៉ាងទូលំទូលាយពីអ្នកទទួលសេវា។ ប្រព័ន្ធស្វ័យប្រវត្តកម្មទាំងនេះ រួមមាន៖ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ប្រព័ន្ធចុះបញ្ជីម៉ាក និងប្រព័ន្ធប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បន្ថែមពីលើប្រពន្ធ័ស្វ័យប្រវត្តកម្មទាំងនេះ ក្រសួងពាណិជ្ជកម្ម បានឈានមួយជំហានទៀតក្នុងវិស័យឌីជីថល ដោយនឹងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញមួយចំនួនទៀត រួមមាន៖ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម (MOC HR System – Vitual Office) ផ្សារក្រសួងពាណិជ្ជកម្ម (Phsar MOC) និងការប្រើប្រាស់ Power BI (Business Intelligence) ដើម្បីវិភាគទៅលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាដើម។ ប្រព័ន្ធអនឡាញថ្មីទាំងនេះ ត្រូវបានគ្រប់គ្រងដោយ MOC Web Portal ដែលត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមន្រ្តីបច្ចេកទេសរបស់ក្រសួងផ្ទាល់ និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្ន័យថ្មីរបស់ក្រសួងពាណិជ្ជកម្មតែម្ដង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម បន្តខិតខំអភិវឌ្ឍ និងស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្មកាន់តែទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់សេវាទាំងអស់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យស្ថាប័នក្រោមឱវាទក្រសួងពាណិជ្ជកម្មទាំងអស់ចូលរួមសហការក្នុងការជំរុញប្រព័ន្ធអនឡាញទាំងនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញពី លោក គន់ ឌីរ៉ង់ ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម និងក្រុមការងារបច្ចេករបស់ក្រសួង ពីការរៀបចំ និងប្រើប្រាស់ប្រព័ន្ធ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម ផងដែរ៕
ដោយ៖ស តារា