ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាហើយត្រូវរថយន្តមិនចាំម៉ាកមកកិនពីលើបណ្តាលឲ្យយុវជន២នាក់ស្លាប់នឹងនារីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកឯនារីម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈបើកម៉ូតូលឿនបញ្រ្ចាសទិសគ្នា ជ្រុលទៅបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យដួលខ្ទាតពេញផ្លូវ ស្របពេលរថយន្តមិនចាំម៉ាក មកពីក្រោយកិនពីលើ ហើយរថយន្តបើកគេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧និង២០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៤ (ផ្លូវថៃហ្គ័រ) ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1IZ-4744 ជិះឌុបនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៤ (ផ្លូវថៃហ្គ័រ) ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានយុវជន២នាក់ទៀត ជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ1S-4827 ជិះឌុបគ្នាធ្វើដំណើរបញ្រ្ចាសគ្នា បានជ្រុលទៅបុកជាមួយម៉ូតូឌ្រីមសង់ចំពីមុខពេញទំហឹង បណ្តាលឲ្យដួលខ្ទាតទៅកណ្តាលផ្លូវ ស្របពេលរថយន្តមិនចាំម៉ាក ធ្វើដំណើរពីក្រោយរួចកិនពីលើ បណ្តាលឲ្យយុវជន២នាក់បានស្លាប់នៅនឹងកន្លែង ចំណែកឯនារីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច ផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យវាស់វែងយកម៉ូតូពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖